យោងតាមរដ្ឋមន្ត្រីសហគ្រាសរដ្ឋ លោក Erick Thohir បានបង្ហាញឱ្យដឹងថា ប្រាក់ចំណេញសរុបរបស់សហគ្រាសគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី (SOEs) ចំនួន ៤១ បានកើនឡើង ១៤៣% ក្នុងឆ្នាំ ២០២២ កន្លងទៅ ដល់ចំនួន ៣០៣,៧ ទ្រីលានរូពី (២០ពាន់លានដុល្លារ) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
លោក Erick បានបន្ថែមទៀតថា តួលេខសរុបនៃប្រាក់ចំណេញខាងលើនេះ គឺត្រូវបានបូកបញ្ចូលទាំង ប្រាក់ចំណេញចំនួន ៥៥ ទ្រីលានរូពី ដែលទទួលបានពីក្រុមហ៊ុនអាកាសចរណ៍រដ្ឋឥណ្ឌូនេស៊ី Garuda ផងដែរ ។
គួរឱ្យដឹងថាសហគ្រាសរដ្ឋឥណ្ឌូនេស៊ី បានបង្ហាញពីប្រាក់ចំណូលរុបរបស់ខ្លួន កើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំ ២០២២ ពីចំនួនដែលទទួលបានត្រឹម ១២៥ ទ្រីលានរូពីប៉ុណ្ណោះ កាលពីឆ្នាំ ២០២១ ខណ:លោក Erick ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា សេវាហិរញ្ញវត្ថុបានរួមចំណែកដ៏ធំបំផុតនៃការកើនឡើងប្រាក់ចំណូលនេះ ដោយត្រឹមតែស្ថាប័នធនាគាររដ្ឋកំពូលៗចំនួន ៤ អាចបង្កើតប្រាក់ចំណូលបានជិតពាក់កណ្តាលទៅហើយ នៃប្រាក់ចំណូលសរុប ។
ប៉ុន្តែទន្ទឹមនេះ សហគ្រាសរដ្ឋ ដែលផ្តោតទៅលើវិស័យប្រេង និងឧស្ម័នដ៏ធំរបស់ឥណ្ឌូនេស៊ី គឺ Pertamina និងក្រុមហ៊ុនថាមពល Perusahaan Listrik Negara រហូតមកដល់ពេលនេះ នៅមិនទាន់បានបង្ហាញពីលទ្ធផលនៃប្រាក់ចំណូលថ្មី លើគេហទំព័ររបស់ពួកគេ នៅឡើយនោះទេ ។
ជម្រាបជូនឱ្យដឹងផងដែរថា លទ្ធផលជារួមរបស់សហគ្រាសរដ្ឋឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០២២ កន្លងទៅ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការស្ទុះងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ ១៩ នៅចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងដល់ ៥,៣១% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ៩ ឆ្នំាចុងក្រោយ ។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ឆ្នាំ ២០២៣ នេះវិញ ជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកល និងការធ្លាក់ចុះនៃតម្លៃទំនិញ កំពុងតែបានជះឥទ្ធិពលយ៉ាងខ្លាំង សម្រាប់ប្រទេសឥណ្ឌូនេស៊ី ស្របពេល មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសបងធំអាស៊ានមួយនេះ អាចនឹងមានត្រឹម ៤,៨% ប៉ុណ្ណោះ នៅឆ្នាំនេះ ។
ជុំវិញបញ្ហានេះ វាត្រូវបានគេរំពឹងថាអាចនឹងប៉ះពាល់ខ្លាំង ជាពិសេស ទៅដល់ក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុនសំណង់របស់រដ្ឋផងដែរ ដោយសារតែពួកគេ នៅតែប្រឈមមុខជាមួយនឹងបញ្ហាបំណុលយ៉ាងច្រើន ៕