អ្នកជំនាញ និងកសិករទូទាំងសកលលោកបានព្រមានថា ការកើនឡើងនៃជំងឺផ្ដាសាយបក្សីកាលពីឆ្នាំទៅ អាចនឹងបង្កផលប៉ះពាល់ខ្លាំង ដល់សង្វាក់ផ្គត់ផ្គង់អាហារពិភពលោក បន្ទាប់ពីវាបានសម្លាប់មេមាន់អស់ប្រហែល ១០ លានក្បាលកាលពីឆ្នាំទៅ និងបង្កឲ្យតម្លៃស៊ុតឡើងថ្លៃខ្ពស់មិនធ្លាប់មាន។

យោងតាមការចុះផ្សាយពី RT បានបង្ហាញថា មូលហេតុដែលបង្កឲ្យកើតមានជំងឺផ្ដាសាយបក្សី ដោយសារការផ្លាស់ប្ដូរជម្រកសត្វស្លាបព្រៃ ដែលជាប្រភពនៃមេរោគ និងបានចំលងដល់បក្សីស្រុក ជាពិសេសគឺសត្វស្លាបនៅអាមេរិកបានស្លាប់រហូតដល់ ៥៨ លានក្បាល ដោយសារជំងឺផ្ដាសាយបក្សី។
ទន្ទឹមនឹងនោះ Reuters ក៏បានបង្ហើបដែរថា បើសិនជាស្ថានការណ៍នៅតែបង្ហាញសភាពបែបនេះ នោះសង្វាក់ផ្គត់ផ្គង់អាហារទូទាំងសកលលោក អាចនឹងជួបវិបត្តិធ្ងន់ធ្ងរ ដ្បិតជំងឺផ្ដាសាយបក្សីកំពុងវាទទីនៅទ្វីបទាំង ៥គឺ អាមេរិកខាងត្បូង និងខាងជើង អឺរ៉ុប អាស៊ី និងអាហ្វ្រិក៕