កាលពីពេលថ្មីៗនេះ ប្រធានាធិបតីបេឡារុស Alexander Lukashenko បានបង្ហើបឲ្យដឹងថា បើសិនជាសហភាពអឺរ៉ុប រួមដៃគ្នាជាមួយរុស្ស៊ី នោះមហាអំណាចពិភពលោកដូចជា អាមេរិក និងចិន ច្បាស់ជាច្រណែនចំពោះសម្ព័ន្ធមិត្តមួយនេះ ដ្បិតអឺរ៉ុប និងរុស្ស៊ីអាចបំពេញចំណុចខ្វះខាតរវាងគ្នាទៅវិញទៅមកបាន។

យោងតាមការចុះផ្សាយពី RT បានបង្ហាញថា ថ្នាក់ដឹកនាំបេឡារុសបានផ្ដល់ដំបូន្មានដល់មេដឹកនាំសហភាពអឺរ៉ុបថា ជម្រើសល្អបំផុតសម្រាប់ពួកគេ គឺរួបរួមគ្នាជាមួយរុស្ស៊ី ព្រោះនៅទីនេះមានទាំងធនធានធម្មជាតិ និងបច្ចេកវិទ្យាទំនើប ហើយអាមេរិក និងចិនច្បាស់ជាច្រណែន បើសិនសម្ព័ន្ធមិត្តមួយនេះអាចកើតឡើងបាន។
“បើសិនជាវាអាចកើតឡើងបាន វានឹងមានមហាអំណាចធំៗ ៣ លើពិភពលោកគឺ សហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប ដែលរួមដៃគ្នាជាមួយរុស្ស៊ី ឬអាចហៅសម្ព័ន្ធមិត្តនេះថា The Eurasian”។ នេះបើតាមសម្ដីប្រធានាធិបតីបេឡារុសបានលើកឡើង។
“វាក៏អាចកើតមាននូវមហាអំណាចទី ៤ ដែលនឹងអាចកើតមាននៅជុំវិញឥណ្ឌា ឬក៏ឥណ្ឌារួមដៃជាមួយប្រទេសដទៃ វិវឌ្ឍន៍ខ្លួនជាមហាអំណាចមួយក្នុងសកលលោកក៏ថាបាន”៕