ទីបំផុត! រដ្ឋាភិបាលរុស្ស៊ី អនុម័តលក់រោងចក្រ IKEA ទៅឱ្យក្រុមហ៊ុនក្នុងស្រុកចំនួន ២

អន្តរជាតិ

គណ:កម្មាការរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានសម្រេចអនុម័តលក់រោងកច្រផលិតគ្រឿងសង្ហារឹមខ្នាយក្សរបស់ស៊ុយអែត IKEA ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី ទៅឱ្យក្រុមហ៊ុនក្នុងស្រុកចំនួន ២ កាន់កាប់ជំនួសវិញ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា កន្លងមក ការលក់រោងចក្ររបស់ក្រុមហ៊ុន IKEA នេះ ហាក់មានភាពស្មុគស្មាញខ្លាំង ដោយសារតែកិច្ចព្រមព្រៀងនេះ បានជាប់ពាក់ព័ន្ធជាមួយនឹងទណ្ឌកម្ម ពីសំណាក់ប្រទេសលោកខាងលិច ដែលបានដាក់ប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ។

ប៉ុន្តែ បើតាមអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Viktor Yevtuhov បានប្រាប់ទៅកាន់សារព័ត៌មាន Izvestia ថា ឥឡូវនេះ ក្រុមហ៊ុនផលិតឧបករណ៍ផ្ទះបាយ Slotex និងក្រុមហ៊ុន Luzales នឹងទិញយករោងចក្ររបស់ក្រុមហ៊ុន IKEA នេះ កាន់គ្រប់គ្រងជំនួសវិញ។

ទោះជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតណាមួយ បានបញ្ជាក់អំពីទំហំនៃកិច្ចព្រមព្រៀងលក់នេះនោះឡើយ ដោយទាំងម្ចាស់រោងចក្រ IKEA ឬក្រុមហ៊ុន Slotex និង Luzales មិនបានធ្វើការឆ្លើយតបភ្លាមៗ ជុំវិញការស្នើសុំឱ្យបកស្រាយទៅលើរឿងនេះឡើយ ។

ជាការពិតណាស់ ក្រុមហ៊ុនលោកខាងលិចជាច្រើន បានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការចាកចេញ និងបញ្ចប់អាជីវកម្មទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបើកការឈ្លានពាន ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភ: ឆ្នាំមុនមក ។

ដោយឡែកសម្រាប់ក្រុម IKEA វិញ បានសម្រេចបិទហាងរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីមានការឈ្លានពាននោះមក ស្របពេលក្រុមហ៊ុនរបស់លោខាងលិចជាច្រើនផ្សេងទៀត ដោយរាប់ចាប់ពីក្រុមហ៊ុនថាមពល រហូតដល់ក្រុមហ៊ុនម្ហូបអាហារ និងសម្លៀកបំពាក់ ក៏បានសម្រេចចិត្តចាកចេញពីប្រទេសរុស្ស៊ីផងដែរ ៕