វៀតណាម ដាក់គោលដៅទាញឱ្យបាន ២៥ពាន់លានដុល្លារពី FDI ក្នុងវិស័យកសិកម្ម​ នៅឆ្នាំ ២០៣០

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅទាក់ទាញឱ្យបាន ២៥ ពាន់លានដុល្លារ ពីការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រាប់វិស័យកសិកម្មរបស់ខ្លួន នៅក្នុងឆ្នាំ ២០៣០ រួមទាំងប្រាក់កម្ចីចំនួន ៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ១ ពាន់លានដុល្លារផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២២ ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានធ្វើការអនុម័តទៅលើគម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៨៤០ លានដុល្លារ ។

ហើយមិនតែប៉ុណ្ណោះ ក្នុងពេលបច្ចុប្បន្ននេះ ក្រសួងកសិកម្មវៀតណាម ក៏កំពុងសហការជាមួយសហគ្រាសជាច្រើន ដើម្បីស្នើគម្រោងចំនួន ១៤ បន្ថែមទៀត ដែលមានទុនវិនិយោគសរុបចំនួន ៣,២ ពាន់លានដុល្លារផងដែរ ។

យ៉ាងណាមិញ ដោយស្ថិតនៅក្រោមយុទ្ធសាស្រ្តសហប្រតិបត្តិការកសិកម្មអន្តរជាតិ វៀតណាមមានគោលបំណងបង្កើនប្រាក់ចំណូលពីវិស័យកសិកម្មរបស់ខ្លួន ពីការនាំចេញកសិផល ឈើ ជលផល ឱ្យបាន ៧០ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០៣០ ។

គួរឱ្យដឹងថាវៀតណាម បានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៥ រួចមកហើយ ខណ:ក៏កំពុងបន្តការចរចាលើកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសអ៊ីស្រាអែល និងកាណាដា បន្ថែមទៀតផងដែរ ។

ទន្ទឹមនឹងនេះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងទីផ្សារនាំចេញផលិតផលកសិកម្មសំខាន់ៗ ដែលបានជួយឱ្យប្រទេសរបស់ខ្លួន មានគុណសម្បត្តិខ្ពស់ ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក ដោយសារតែមានការលើកទឹកចិត្តច្រើន ទៅលើផ្នែកពន្ធ ៕