កាលពីឆ្នាំទៅ មហាសេដ្ឋីចិន Jack Ma បានបាត់ខ្លួនដោយគ្មានមូលហេតុ បន្ទាប់ពីរិះគន់រដ្ឋាភិបាលជុំវិញបញ្ហាគោលនយោបាយថ្មីរបស់ប្រធានាធិបតី ស៊ី ជិនពីង ដោយព្យាយាមបង្ក្រាបទៅលើពាណិជ្ជកម្មអេឡិចត្រូនិក និងអំពើពុករលួយក្នុងសង្គម។

យ៉ាងណា ដំណឹងទាក់ទងនឹងសហស្ថាបនិក Alibaba ត្រូវបានទម្លាយថ្មីៗថា ត្រូវបានប្រទះឃើញលោកនៅប្រទេសថៃកាលពីប៉ុន្មានខែមុន ហើយបច្ចុប្បន្នលោក និងក្រុមគ្រួសារកំពុងរស់នៅប្រទេសជប៉ុន។
ថ្វីបើរឿងរ៉ាវ Jack Ma ហាក់ស្ងប់ស្ងាត់ ប៉ុន្តែថ្មីៗនេះវិនិយោគិនមានមុខមាត់ម្នាក់នៅចិន Bao Fan ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនដោយគ្មានមូលហេតុ និងមិនដឹងបាត់តាំងពីពេលណា ខណៈគេសង្ស័យថា ករណីនេះអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពី IBT។

ដំណឹងនៃការបាត់ខ្លួនរបស់វិនិយោគិនម្នាក់នេះ បានធ្វើឲ្យទីផ្សារ Fintech ទូទាំងប្រទេសចិនកំពុងមានការជ្រួលច្របល់ ដ្បិតក្រុមហ៊ុន China Renaissance Holdings ដែលមានលោក Fan ជាប្រធាន គឺជាអ្នកផ្ដល់សេវាកម្ម និងជាវិនិយោគិនដ៏ធំបំផុតមួយប្រចាំប្រទេស។
យោងតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា បន្ទាប់ពីដំណឹងបាត់ខ្លួនរបស់ Bao Fan បានចេញជាសាធារណៈ តម្លៃហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់រហូតដល់ ២៨% ខណៈ CNN បង្ហើបថា វាមិនមែនជារឿងធម្មតាទេ ដែលបុគ្គលមានមុខមាត់សាធារណៈ បាត់ខ្លួនដោយគ្មានមូលហេតុ ហើយចំណុចដូចៗគ្នានៃអ្នកបាត់ខ្លួន គឺសុទ្ធតែពាក់ព័ន្ធនឹងរដ្ឋាភិបាល និងជាអ្នកជំនួញមានលុយវាល់លានដុល្លារ៕