ក្រុមហ៊ុនលក់រាយធំបំផុតរបស់ថៃ ប្រកាសចាក់លុយវិនិយោគជាង ១,៤ពាន់លានដុល្លារបន្ថែម នៅវៀតណាម

អន្តរជាតិ

សាជីវកម្ម Central Retail Corporation (CRC) ដែលជាក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ ថ្មីៗនេះ បានប្រកាសបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៥០ពាន់លានបាត (១,៤៥ពាន់លានដុល្លារ) បន្ថែមទៀត នៅក្នុងប្រទេសវៀតណាម សម្រាប់ចន្លោះឆ្នាំ ២០២៣-២០២៧ ដើម្បីពង្រីកវិសាលភាព នៅក្នុងទីផ្សារប្រទេសជិតខាងខ្លួនមួយនេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិក្រុមហ៊ុន CRC លោក Yol Phokasub បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានមើលឃើញថាប្រទេសវៀតណាម ជាទីផ្សារមានសក្តានុពលខ្ពស់បំផុតមួយ ដែលបានប្រកាសអំពីកំណើនសេដ្ឋកិច្ចរបស់ពួកគេជាបន្តបន្ទាប់។ ហើយជាមួយនឹងជំហរដ៏រឹងមាំរបស់់ CRC នៅក្នុងប្រទេសនេះ ក្រុមហ៊ុន បានកំណត់ផែនទីបង្ហាញផ្លូវរយ:ពេលប្រាំឆ្នាំបន្ទាប់របស់ខ្លួន ដើម្បីបន្តពង្រីងវិសាលភាព នៅទីនោះ ជាមួយនឹងការបែងចែកថវិកា ក្នុងការបោះទុនបន្ថែមរហូតដល់ទៅ ៥០ពាន់លានបាត ។

គួរឱ្យដឹងថា ក្រុមហ៊ុន CRC បានធ្វើការវិនិយោគទឹកប្រាក់ជាង ១០ពាន់លានបាត រួចមកហើយ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម អំឡុងចន្លោះឆ្នាំ ២០១២-២០២២ ដោយពួកគេមានហាងច្រើនជាង ៣៤០ នៅទូទាំង ៤០ ខេត្ត ។

លើសពីនេះ លោក Olivier Langlet នាយកប្រតិបត្តិក្រុមហ៊ុន CRC វៀតណាម បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន បានកត់ត្រាអំពីកំណើនប្រាក់ចំណូលពីការលក់រាយ យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសនេះ ដោយបានកើនឡើងពី ៣០០លានបាត (៨,៧លានដុល្លារ) ក្នុងឆ្នាំ ២០១៤ ដល់ ៣៨,៦ពាន់លានបាត (១,១២ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២១។

លោក Olivier បានសង្កត់ធ្ងន់ទៀតថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នៅតែបន្តកើនឡើង បើទោះបីជាមានភាពមិនច្បាស់លាស់ក៏ដោយ ដោយកំណើន GDP របស់ពួកគេ រំពឹងថា នឹងកើនឡើង ៦,៧% ក្នុងឆ្នាំ ២០២៣ និង ៧,២% នៅក្នុងឆ្នាំ ២០២៤ បើធៀបទៅនឹងការកើនឡើង ៣,៥% សម្រាប់រយ:ពេលដូចគ្នា នៅក្នុងប្រទេសថៃ ៕