រដ្ឋាភិបាលវៀតណាម អនុម័តកញ្ចប់ថវិកា ៥ពាន់លានដុល្លារ អភិវឌ្ឍលំនៅដ្ឋានសម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាប

អន្តរជាតិ

ថ្មីៗនេះ ទេសាភិបាលធនាគារកណ្តាលវៀតណាម បានធ្វើការបញ្ជាក់ថា ធនាគារធំៗរបស់រដ្ឋចំនួន ៤ បានយល់ព្រមកំណត់កញ្ចប់ឥណទានចំនួន ១២០ទ្រីលានដុង ឬស្មើនឹង ៥ពាន់លានដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍទៅលើលំនៅដ្ឋានសង្គម និងគម្រោងលំនៅដ្ឋាន ជូនដល់ពលរដ្ឋដែលមានប្រាក់ចំណូលទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទេសាភិបាលធនាគារកណ្តាលវៀតណាម លោកស្រី Nguyen Thi Hong បាននិយាយ នៅក្នុងកិច្ចប្រជុំមួយថា អត្រាការប្រាក់កម្ចីសម្រាប់អ្នកទិញ ឬអ្នកអភិវឌ្ឍគម្រោងលំនៅដ្ឋានសង្គម និងគម្រោងលំនៅដ្ឋានសម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាប នឹងផ្តល់ជូនក្នុងកម្រិតទាបជាង អត្រាការប្រាក់កម្ចីជាទូទៅរបស់ធនាគារ ដែលជាមធ្យមស្ថិតនៅកម្រិត ១,៥% ទៅ ២% ។

ជាងនេះទៅទៀត លោកស្រី Nguyen ក៏បានបញ្ជាក់ផងដែរថា ធនាគារដ្ឋ នឹងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការផ្តល់ជូនហិរញ្ញប្បទានឡើងវិញ ប្រសិនបើធនាគារដែលចូលរួមនៅក្នុងគម្រោងមួយនេះ ជួបប្រទះជាមួយនឹងកង្វះខាតលំហូរសាច់ប្រាក់នោះ ។

គួរឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រសួងសំណង់វៀតណាម បានស្នើឱ្យរដ្ឋសភា និងរដ្ឋាភិបាល កំណត់កញ្ចប់ឥណទានចំនួន ១១០ទ្រីលានដុង (៤,៦ពាន់លានដុល្លារ) សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គម សម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាប និងមធ្យម។ ហើយចំពោះគម្រោងនៃការវិនិយោគនេះ គួរតែទទួលប្រភពទុនពីអាជ្ញាធរនៅតាមបណ្តារដ្ឋធានី និងខេត្ត សម្រាប់រយ:ពេលមធ្យម និងរយ:ពេលវែង ៕