មួយរយៈកាលចុងក្រោយនេះ មហាសេដ្ឋី Jack Ma មិនមែនរស់នៅប្រទេសចិនឡើយ ពោលមានរបាយការណ៍ថា លោកធ្លាប់រស់នៅប្រទេសជប៉ុនយ៉ាងហោចណាស់ ៦ខែ ក្រោយបាត់ដំណឹងនៅចិនយ៉ាងយូរ ហើយលោកក៏តែងតែធ្វើដំណើរទៅអ៊ីស្រាអែល និងអាមេរិកញឹកញាប់ អំឡុងពេលនោះផងដែរ។
យ៉ាងណា កាលពីពេលថ្មីៗនេះមានគេប្រទះឃើញអតីតអ្នកមានដាច់គេនៅចិនម្នាក់នេះ កំពុងដើរលេងជាមួយគ្រួសារនៅប្រទេសអូស្ត្រាលី បន្ទាប់ពីរូបលោកទើបនឹងមកលេងប្រទេសថៃកាលពីខែមុន។ នេះបើតាមការចុះផ្សាយពី Forbes។

ដោយឡែក Bloomberg បានរាយការណ៍ថា សហស្ថាបនិក Alibaba ត្រូវបានគេប្រទះឃើញនៅទីក្រុង Melbourne ជាមួយក្រុមគ្រួសារមិត្តចាស់របស់លោក ដែលមានឈ្មោះថា Ken Morley ហើយមហាសេដ្ឋីចិនបានស្គាល់គ្នា និងបង្កើតមិត្តភាពយ៉ាងល្អ បន្ទាប់ពីជួបគ្នាពេលប្រជុំកាលពីទសវត្ស ១៩៨០។
សូមជម្រាបដែរថា ដំណឹងដែលទាក់ទងនឹង Jack Ma មួយរយៈនេះគឺមានច្រើនគួរសម ខុសប្លែកកាលពី ២ឆ្នាំមុន ពេលរដ្ឋាភិបាលចាប់ផ្ដើមបង្ក្រាបក្រុមហ៊ុន Ant Group របស់លោក ដែលគ្រានោះគឺបាត់ដំណឹងរបស់លោកតែម្ដង៕