សហព័ន្ធឧស្សហកម្មថៃ (FTI) បាននិយាយកាលពីថ្ងៃអង្គារថា ផលិតកម្មរថយន្តនៅក្នុងប្រទេសរបស់ខ្លួន បានកើនឡើង ៤,០២% ដល់ចំនួន ១៥៧ ៨៤៤ គ្រឿង នៅក្នុងខែមករាកន្លងទៅ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការនាំចេញបានហក់ឡើងខ្ពស់ជាងមុន ។ នេះបើតាមការចុះផ្សាយពី Bangkok Post ។
តែទោះជាយ៉ាងណាក៏ដោយ ការលក់រថយន្តនៅក្នុងស្រុក បានធ្លាក់ចុះដល់ ៥,៥៨% នៅក្នុងខែមករា បើធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ៩% នៅក្នុងខែធ្នូ ដោយសារតែកង្វះខាតបន្ទះឈីប semiconductors នៅក្នុងម៉ូដែលរថយន្តមួយចំនួន។ នេះបើតាមសម្តីរបស់លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ ។
លើសពីនេះ លោក Surapong បាននិយាយទៀតថា សម្រាប់ការនាំចេញវិញ បានកើនឡើងដល់ ២៤,២៨% នៅក្នុងខែមករា ខណ:នៅខែធ្នូ បានកើនឡើង ១០,១៧% ហើយការនាំចេញសរុប រំពឹងថាអាចនឹងកើនឡើងដល់ ១,០៥ លានគ្រឿង នៅឆ្នាំនេះ ។
ជម្រាបជូនផងដែរថា ប្រទេសថៃត្រូវបានចាត់ទុកជាមូលដ្ឋានផលិកម្ម និងនាំចេញរថយន្តដ៏ធំបំផុតមួយ នៅក្នុងតំបន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកជាច្រើន រួមទាំង Toyota និង Honda ផងដែរ ៕