នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃទី២៤កុម្ភៈ ជាខួប១ឆ្នាំនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ថ្លែងសុន្ទរកថាពីក្រុងម៉ូស្កូ បានចោទប្រកាន់ជាថ្មីថា «បស្ចិមលោក និងអង្គការសម្ព័ន្ធអូតង់ គឺជាប្រភពនៃជម្លោះបង្ហូរឈាមនៅអ៊ុយក្រែន រយៈពេល១ឆ្នាំមកនេះ»។

ការថ្លែងរបស់លោក ពូទីន ក្រោយពេលដែលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក នៅអ៊ុយក្រែន និងនៅប៉ូឡូញ។ នៅចំពោះមុខសភារុស្ស៊ីនៅក្រុងម៉ូស្កូ លោកប្រធានាធិបតី ពូទីន មានប្រសាសន៍ថា ថ្នាក់ដឹកនាំវិមានក្រេមឡាំង បានតាមដានយ៉ាងកៀកកិត ពីដំណើរទស្សនកិច្ចលោក ចូ បៃដិន។
សុន្ទរកថានេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ី ហើយជាថ្មីម្តងទៀត ថ្នាក់ដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានទម្លាក់កំហុសទៅលើថ្នាក់ដឹកនាំប្រទេសបច្ចិមលោក ជាអ្នកទទួលខុសត្រូវចំពោះចលាចលយោធា និងនៅពីក្រោយវិបត្តិអ៊ុយក្រែន ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ ម្យ៉ាងវិញទៀត បញ្ហានេះក៏ព្រោះតែផលវិបាកដែលពីពួកបច្ចិមប្រទេសដែលចង់កម្ទេចរុស្ស៊ី។ ពួកគេមិនដែលលាក់បំបាំងសោះឡើយពីគោលបំណងចង់បំផ្លាញ់រុស្ស៊ី។ នេះបើតាមសម្តីរបស់លោក ពូទីន។
លោកពន្យល់ទៀតថា «ដើម្បីនឹងគេចចេញពីការគំរាមកំហែងទាំងនោះ ទើប រុស្ស៊ី សម្រេចចិត្តដឹកនាំប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន»។
ទន្ទឹមនឹងនោះ លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានអះអាងពីចេតនារបស់ប្រទេសបច្ចិមលោកដែលចង់បង្កភាពវឹកវរបង្កអស្ថិរភាពនៅក្នុងសង្គមរុស្ស៊ី តាមគ្រប់មធ្យោបាយ ដែលលោក ពូទីន គូសបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះ ថាពួកគេនឹងគ្មានបានទទួលផលអ្វីសោះឡើយក្នុងរឿងនេះ។ លោកបន្ថែមទៀតថា បានរក្សាទប់ទប់ភាពចលាចលឲ្យនឹងនរ និងរក្សាស្ថិរភាពសេដ្ឋកិច្ច ព្រមទាំងបានការពារពលរដ្ឋរុស្ស៊ី បានយ៉ាងល្អ៕