រុស្ស៊ីផ្អាកកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយអាមេរិក ក្រោយ បៃឌិន ប្ដេជ្ញាគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ប្រកាសក្ដែងៗថា រុស្ស៊ីនឹងផ្អាកកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយ ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ប្ដេជ្ញាចិត្តថា នឹងបន្តគាំទ្រអ៊ុយក្រែន ដល់ទីបញ្ចប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Reuters បានបង្ហាញថា ការផ្អាកកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ប្រៀបដូចជាការព្រមានដែល ពូទីន បាន​ផ្ដល់ឲ្យលោកខាងលិច ដែលជ្រៀតជ្រែងក្នុងវិវាទរវាងរុស្ស៊ី និងអ៊ុយក្រែន។

គួររំលឹកដែរថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយរវាងរុស្ស៊ី និងអាមេរិកមានឈ្មោះថា New START ដែលនឹងបញ្ចប់នៅឆ្នាំ ២០២៦ ខណៈកិច្ចព្រមព្រៀងនេះទៀតសោតគឺ តម្រូវឲ្យភាគីទាំងសងខាង ចុះត្រួតពិនិត្យលើអាវុធនុយក្លេអ៊ែរទៅវិញទៅមក ប៉ុន្តែតាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ការចុះអង្កេតអាវុធនុយក្លេអ៊ែររវាងប្រទេសទាំង ២ ក៏ត្រូវបានផ្អាកផងដែរ។

គួររំលឹកដែរថា អំឡុងពេលមេដឹកនាំរុស្ស៊ីចេញសេចក្ដីប្រកាសនេះ ប្រធានាធិបតីអាមេរិកក៏កំពុងស្ថិតនៅប្រទេសប៉ូឡូញ និងបានទម្លាយថា អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច នឹងនៅតែតស៊ូ ប្ដេជ្ញាជ្រោមជ្រែងអ៊ុយក្រែនរហូតដល់ទីបញ្ចប់៕