សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើនទូទាំងពិភពលោក ចាប់ផ្ដើមដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដែលជាការបង្ហាញពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមហាអំណាចមួយនេះ។
ក្នុងនោះ ក្រុមហ៊ុនស្រាបៀរ Heineken បានប្រកាសថា ពួកគេនឹងចាកចេញពីទីផ្សាររុស្ស៊ី ឲ្យបានមុនដាច់ឆមាសទី ១ នៃឆ្នាំ ២០២៣ បើទោះជាទទួលការខាតបង់ ៣០០ លានអឺរ៉ូ ឬប្រហែល ៣១៨ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី Reuters។
ពួកគេបានបញ្ជាក់ទៀតថា មូលហេតុដែលពន្យារពេលការចាកចេញនោះគឺ ភាគីដែលសន្យាទិញក្រុមហ៊ុន Heineken នៅរុស្ស៊ី កំពុងមានបញ្ហា ដូច្នេះពួកគេត្រូវរង់ចាំរហូតដល់កិច្ចកុងត្រាលក់ត្រូវបញ្ចប់ ទើបអាចចាកចេញពីរុស្ស៊ីបាន។
សូមជម្រាបដែរថា ក្រុមហ៊ុន Heineken គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយដែលប្រកាសបោះបង់អាជីវកម្មនៅរុស្ស៊ី បន្ទាប់ពី Apple និង McDonald’s ក្រោយរុស្ស៊ីទទួលទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងអឺរ៉ុបជាទំងន់៕