សេដ្ឋកិច្ចរបស់អ៊ុយក្រែនធ្លាក់ចុះដល់ជាង ៣០% ក្រោយរងការវាយប្រហារដោយរុស្ស៊ី

អន្តរជាតិ

យោងតាមក្រសួងសេដ្ឋកិច្ច បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដល់ជាង ៣០% នៅក្នុងឆ្នាំ ២០២២ កន្លងទៅ បន្ទាប់ពីមានការចូលលុកលុយទ្រង់ទ្រាយធំពីសំណាក់កងកម្លាំងរបស់ប្រទេសរុស្ស៊ី ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាប៉ះពាល់ដល់អាជីវកម្ម និងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Yulia Svyrydenko រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន បាននិយាយថា ក្នុងអំឡុងឆ្នាំ ២០២២ កន្លងទៅ សេដ្ឋកិច្ចរបស់ប្រទេសខ្លួន បានទទួលរងការខាតបង់ និងខូចខាតដ៏ធំសម្បើមបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។

តែទោះជាយ៉ាងណាក៏ ការធ្លាក់ចុះ ៣០,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន ហាក់នៅតែមានភាពល្អប្រសើជាងអ្វីដែលអ្នកជំនាញជាច្រើន បានព្យាករទុក បន្ទាប់ពីមានការចូលឈ្លានពានពីសំណាក់រដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅក្នុងខែកុម្ភ: ឆ្នាំ ២០២២ មក ខណ:ពេលនោះ ស្ថាប័នធំៗជាច្រើន បានព្យាករថាទិន្នផលសេដ្ឋកិច្ចរបស់អ៊ុយក្រែន អាចនឹងធ្លាក់ចុះចន្លោះពី ៤០% ទៅ ៥០% ឯណោះ ។

គួរឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ ទិន្នផលសេដ្ឋកិច្ចរបស់អ៊ុយក្រែន មានប្រហែល ២០០ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៣,៤% ធៀបទៅនឹងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ដែលទទួលបានពីធនាគារពិភពលោក ។

ជម្រាបជូនផងដែរថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន បានដួលរលំភ្លាមៗ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដែលគិតមកដល់ពេលនេះ មានរយ:ពេលជិតមួយឆ្នាំទៅហើយ ដែលបានបណ្តាលឱ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់ និងត្រូវផ្លាស់ទីលំនៅ ក៏ដូចបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារផងដែរ ។

យ៉ាងណាមិញ សម្រាប់ការចំណាយទៅលើការកសាងប្រទេស និងការ​ស្តា​ឡើវិញ នៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងមានតម្លៃប្រហែល ៣៤៩ពាន់លានដុល្លារ ដែលត្រូវបានវាយតម្លៃដោយធានាគរពិភពលោក គណ:កម្មការអឺរ៉ុប និងរដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ ហើយតម្លៃអាចនឹងបន្តកើនឡើងបន្ថែមទៀត នៅពេលដែលសង្រ្គាម មិនទាន់ត្រូវបញ្ចប់នៅឡើយ ៕