ធ្មិចបើកៗ សង្គ្រាមនៅអ៊ុយក្រែនឈានដល់គម្រប់ខួបមួយឆ្នាំ ពោលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំជាលើកដំបូងកាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២ ហើយរយៈពេលមួយឆ្នាំមកនេះ ពិភពលោកក៏ទទួលរងឥទ្ធិពលពីសង្គ្រាមមួយនេះមិនតិចដែរ។
យោងតាមរបាយការណ៍ស្រាវជ្រាវដោយវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ ហៅកាត់ IW បានទម្លាយថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ បានខាតបង់ប្រហែល ១,៣ ទ្រីលានដុល្លារ ស្របពេលទំហំសេដ្ឋកិច្ចលោកខាងលិចបាត់បង់រហូតដល់ ២/៣ នៃផលិតកម្មសកលរបស់ពួកគេ។
មូលហេតុដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់ធ្ងន់ធ្ងរបែបនេះ ដោយសារការកើនឡើងនៃតម្លៃថាមពល វត្ថុធាតុដើមមួយចំនួន និងទំនិញ ដែលធ្វើឲ្យប្រទេសជាច្រើនប្រឈមនឹងវិបត្តិអតិផរណា តួយ៉ាងអត្រាអតិផរណាបណ្ដោះអាសន្ននៅអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប កើនខ្ពស់ជាង ១០% ដោយសារការកើនឡើងនៃតម្លៃថាមពល។
បន្ថែមពីនោះ IW ក៏បានបង្ហើបដែរថា សេដ្ឋកិច្ចនៃពិភពលោកក៏នឹងអាចជួបផលវិបាកនាឆ្នាំ ២០២៣ នេះផងដែរ ដោយវាអាចនឹងរបូតលុយប្រហែល ១ ទ្រីលានដុល្លារទៀត បើសិនជាស្ថានការណ៍សង្គ្រាមនៅតែមិនមានភាពថមថយ។
ផ្ទុយពី IW មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បែរជាព្យាករណ៍កាលពីខែមុនថា កំណើនសេដ្ឋកិច្ចសកលនាឆ្នាំ ២០២៣ អាចកើនឡើងដល់ ២,៩% ខ្ពស់ជាងការរំពឹងទុកមុនៗដែលមានត្រឹម ២,៧%៕