ធ្មិចបើកៗ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានមកដល់គម្រប់ខួបមួយឆ្នាំ ហើយក្នុងនោះប្រទេសចិនក៏បានធ្វើការប្រកាសពីលិខិតមួយបញ្ជាក់ពីវិធីបញ្ចប់សង្គ្រាម ដែលមាន ១២ ចំណុច។ នេះបើតាមការចុះផ្សាយពី Washingtonpost។
លិខិត ១២ ចំណុចបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺចេញដោយរដ្ឋមន្ត្រីការបរទេសចិន ហើយក្នុងនោះចិនស្នើឲ្យមហាអំណាចលោកខាងលិច លុបចោលទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់លើរុស្ស៊ី ទាំងផ្នែកពាណិជ្ជកម្ម និងអាវុធ។
បន្ថែមពីនោះ ឯកសារនេះបានបង្ហាញពីជំនឿរបស់ចិនដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ចាំបាច់ត្រូវបន្ធូរបន្ថយសម្ពាធលើរុស្ស៊ី ដើម្បី “ការពារវិបត្តិមិនឱ្យកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត” និងបង្កើតលក្ខខណ្ឌសម្រាប់ការចរចារឡើងវិញ។
ខាងក្រោមនេះគឺជាលក្ខខណ្ឌទាំង ១២ ចំណុចដែលចិន យល់ថាអាចបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរវាងរុស្ស៊ី និងអ៊ុយក្រែន៖
- គោរពបូរណភាពទឹកដីនៃប្រទេសទាំងអស់
- បោះចោលនូវគោលគំនិតសង្គ្រាមត្រជាក់
- បញ្ឈប់ការធ្វើសង្គ្រាមមួយរយៈ
- បន្តការចរចាឡើងវិញ
- ដោះស្រាយវិបត្តិមនុស្សធម៌
- ការពារទាំងប្រជាជន និងអ្នកទោសសង្គ្រាម
- រក្សាទុកថាមពលនុយក្លេអ៊ែរឲ្យមានសុវត្ថិភាព
- កាត់បន្ថយហានិភ័យយុទ្ធសាស្ត្រ
- សម្រួលការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ
- បញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមិនចាំបាច់
- រក្សាស្ថិរភាពនៃសង្វាក់ផ្គត់ផ្គង់
- លើកកំពស់ការកសាងទំនាក់ទំនងឡើងវិញ ក្រោយបញ្ចប់សង្គ្រាម៕