កាលពីប៉ុន្មានសប្ដាហ៍មុន ប្រធានធនាគារពិភពលោក David Malpass បានប្រកាសថា នឹងចុះចេញពីតំណែងមុនអាណត្តិនាខែមិថុនាខាងមុខ ខណៈការប្រកាសមួយនេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំង។

ទន្ទឹមនឹងនោះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏បានចុចឈ្មោះបេក្ខភាពមួយរូបសម្រាប់តំណែង ដែលនឹងទំនេរនាពាក់កណ្ដាលឆ្នាំនេះ ខណៈបុរសម្នាក់នោះគឺមានឈ្មោះថា Ajay Banga ជាកូនកាត់ឥណ្ឌា-អាមេរិកាំង។ នេះបើតាមការចុះផ្សាយពី Indianexpress។

ក្នុងករណីដែលបុរសវ័យ ៦៣ ឆ្នាំ ទទួលបានសម្លេងគាំទ្រខ្ពស់បំផុត នោះលោកនឹងក្លាយជាជនជាតិឥណ្ឌា-អាមេរិកាំងតំបូងបំផុត ដែលកាន់តួនាទីកំពូលនៃស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិទាំង ២ គឺ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF។
សូមជម្រាបដែរថា ដើម្បីអាចកាន់តំណែងនេះបាន បេក្ខភាពដែលត្រូវគាំទ្រដោយម្ចាស់ភាគហ៊ុននានា ត្រូវជ្រើសរើសដោយការបោះឆ្នោតជាមុនសិន ប៉ុន្តែជាទូទៅឲ្យតែបេក្ខភាពដែលគាំទ្រដោយអាមេរិក ដែលជាម្ចាស់ភាគហ៊ុនធំ តែងតែត្រូវបានជ្រើសតាំងជាប្រធានធនាគារពិភពលោក៕