បេក្ខភាពប្រធាន World Bank គាំទ្រដោយ លោក ចូ បៃឌិន ជាអ្នកណា?

អន្តរជាតិ

កាលពីថ្ងៃព្រហ្បតិ៍ ទី ២៣ ខែកុម្ភ: ឆ្នាំ ២០២៣ កន្លងទៅនេះ នាយកប្រតិបត្តិធុរកិច្ចឥណ្ឌា-អាមេរិក លោក Ajay Banga កំពុងតែក្លាយជាបេក្ខភាពដ៏កំពូលមួយ ដើម្បីមកធ្វើជាប្រធានធនាគារពិភពលោក បន្ទាប់ពីត្រូវបានគាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានបង្ហាញថា លោក Banga ដែលមានវ័យ ៦៣ ឆ្នាំ អាចនឹងក្លាយជាជនជាតិអាមេរិក ដើមកំណើតឥណ្ឌា ដំបូងគេ ក្នុងការចូលមកដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិកំពូលៗទាំងពីរ គឺ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក។

គួរឱ្យដឹងផងដែរថា ប៉ុន្មានសប្តាហ៍មុន ប្រធានធនាគារពិភពលោក លោក David Malpass បានប្រកាសថា នឹងចុះចេញពីតំណែងមុនអាណតិ្ត នាខែមិថុនាខាងមុខ បន្ទាប់ពីគាត់ត្រូវបានតែងតាំង ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងឆ្នាំ ២០១៩ ។

យ៉ាងណាមិញ ជុំវិញការទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន លោក Joe Biden ដើម្បីគាំទ្រឱ្យក្លាយជាប្រធានធនាគារពិភពលោកនាពេលខាងមុខ តើលោក Ajay Banga គឺជានរណា?

លោក Banga បានកើត និងធំធាត់នៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាលាសាធារណ: Hyderabad គាត់បានទទួលសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច ពីមហាវិទ្យាល័យ St. Stephen’s College របស់សាកលវិទ្យាល័យ Delhi ហើយក្រោយមកទៀត គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីវិទ្យាស្ថានគ្រប់គ្រងឥណ្ឌា Ahmedabad ផងដែរ ។

ដោយបានចាប់ផ្តើមអាជីពការងារដំបូងនៅក្នុងក្រុមហ៊ុន Nestle នៅឆ្នាំ ១៩៨១ លោក Banga បានបន្តចូលរួមជាមួយក្រុមហ៊ុន Pepsico និងក្រោយមកទៀត ផ្លាស់ទៅកាន់ក្រុមហ៊ុន Citigroup។ លោក Banga ក៏ធ្លាប់ធ្វើជាប្រធាន និងជានាយកប្រតិបត្តិរបស់ Masterecard ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏កំពូលមួយរបស់ពិភពលោកផងដែរ ។

ជាមួយនឹងជំនាញ និងបទពិសោធការងារលើវិស័យហិរញ្ញវត្ថុជោគជាំ លោក Banga បានមានឱកាសជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ ២០១៤ ហើយអ្នកទាំងពីរបានពិភាក្សាគ្នា អំពីអនាគតរបស់ប្រទេសឥណ្ឌា នៅក្នុងសហគមន៍ធុរកិច្ចអាមេរិក ។

លើសពីនេះ បើតាមប្រវត្តិរូបសង្ខេបដែលចេញដោយសេតវិមានអាមេរិក បានបង្ហាញថា លោក Banga បានកាន់តួនាទីជាច្រើន ដូចជាប្រធានកិត្តិយសនៃសភាពាណិជ្ជកម្មអន្តរជាតិ ហើយបានធ្វើជាក្រុមប្រឹក្សានៃកាកបាទក្រហមអាមេរិក ក៏ដូចបម្រើការនៅក្នុងវិស័យឯកជនជាមួយក្រុមហ៊ុន Kraft Foods , Dow Inc និងបច្ចុប្បន្នមានតួនាទីជាអនុប្រធាក្រុមហ៊ុន General Atlantic ផងដែរ ។

ប្រភពខាងលើក៏បានបន្ថែមឱ្យដឹងទៀតផងដែរថា លោក Banga ក៏ជាអ្នកទទួលខុសត្រូវនៃវេទិកាភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-ឥណ្ឌា និងជាអតីតសមាជិកគណ:កម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន និងជាប្រធាន Emeritus នៃមូលនិធិអាមេរិកឥណ្ឌាផងដែរ៕