កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបណ្ដេញមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ ចេញពីមុខតំណែង ដោយមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។
យោងតាមការចុះផ្សាយពី Globalnews បានបង្ហាញថា Zelenskyy បានប្រកាសពីការបញ្ឈប់មុខតំណែងរបស់លោក Eduard Moskalyov ក្នុងនាមជាមេបញ្ជាការយោធានៃកងកម្លាំងអ៊ុយក្រែន ដែលកំពុងឈរជើងក្នុងសមរភូមិតំបន់ Donbas។
ដោយឡែក ថា្នក់ដឹកនាំអ៊ុយក្រែន មិនទម្លាយពីការបញ្ជាក់ច្បាស់លាស់ជុំវិញការបញ្ចប់តំណែងរបស់លោក Moskalyov ឡើយ ទាំងនៅលើបណ្ដាញសង្គម Twitter និង Facebook។
គួររំលឹកដែរថា លោក Moskalyov បានចូលកាន់តំណែងជាមេបញ្ជាការយោធាជាន់ខ្ពស់ កាលពីខែមីនា ២០២២ ពោលក្រោយការឈ្លានពានពីរុស្ស៊ីបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈបច្ចុប្បន្នកងកម្លាំងរុស្ស៊ីកំពុងព្យាយាមគ្រប់គ្រងតំបន់ខាងកើតនៃអ៊ុយក្រែន ជាពិសេសគឺ Donbas ដែលជាតំបន់គ្រប់គ្រងដោយលោក Moskalyov មុនពេលត្រូវបានបញ្ឈប់ពីតំណែង៕