កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា លោកនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិននាខែមេសាខាងមុខ ជាមួយគោលបំណងចង់ឲ្យចិនដាក់សម្ពាធលើរុស្ស៊ី បញ្ចប់សង្គ្រាមឲ្យកាន់តែឆាប់រហ័ស។
យោងតាមការចុះផ្សាយពី Japantimes បានបង្ហាញថា លោក ម៉ាក្រុង អាចនឹងធ្វើដំណើរទៅកាន់ប្រទេសចិននាដើមខែមេសា ខណៈលោកយល់ថាវត្តមានរបស់ចិននៅក្នុងការជំរុញឲ្យមានសន្តិភាពឡើងវិញ គឺពិតជាមានសារៈសំខាន់ណាស់។
“សន្តិភាពអាចកើតឡើងបាន លុះត្រាតែរុស្ស៊ីយល់ព្រមទម្លាក់អាវុធ ដកទ័ព និងប្រគល់បូរណភាពទឹកដីដល់អ៊ុយក្រែន និងប្រជាជននៅទីនោះវិញ”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីបារាំងបាននិយាយ។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំប្រទេសបារាំងក៏បានសំណូមពរឲ្យចិន កុំផ្គត់ផ្គង់អាវុធទៅកាន់រុស្ស៊ីជាដាច់ខាត និងស្នើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ព្យាយាមដាក់សំពាធលើរុស្ស៊ី កុំឲ្យប្រើប្រាស់អាវុធគីមី ឬអាវុធនុយក្លេអ៊ែរ និងចាត់ទុកការចរចាជារឿងសំខាន់ ជាជាងការប្រើប្រាស់អាវុធ សម្រាប់ដោះស្រាយជំលោះមួយនេះ៕