ក្រុមហ៊ុនចិន កំពុងស្ថិតក្នុងការពិភាក្សា លក់ដ្រូនចម្បាំង ១០០ គ្រឿង ទៅឱ្យរុស្ស៊ី

អន្តរជាតិ

យោងតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនផលិតគ្រឿង​សព្វា​វុធខ្នាតយក្សរបស់ចិនមួយ កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយប្រទេសរុស្ស៊ី ជុំវិញការលក់ដ្រូនចម្បាំង ចំនួន ១០០ គ្រឿង ខណ:ការចែកចាយជាលើកដំបូង នឹងអាចត្រូវធ្វើឡើង នៅក្នុងខែមេសាខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក (Drone) របស់ចិន Xian Bigo Intelligent Aviation Technology បាននិយាយថា ខ្លួនបាននិងកំពុងរៀបចំ ដើម្បីបង្កើតគំរូយន្តដ្រូនចម្បាំងប្រភេទ ZT-180 ចំនួន ១០០ គ្រឿង ជាពិសេសសម្រាប់រុស្ស៊ី ។

ទស្សនាវដ្តី Der Spiegel បានរាយការណ៍ទៀតថា ដ្រូននីមួយៗ អាចផ្ទុកក្បាលគ្រាប់ ចម្លោះពី ៣៥-៥០ គីឡូក្រាម ខណ:ពេលដែលក្រុមហ៊ុន Bingo ក៏មានគម្រោងជួយបង្កើតកន្លែងផលិតដ្រូន នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ផងដែរ ហើយចំពោះរោងចក្រនេះ អាចនឹងមានសមត្ថភាពផលិតដ្រូនបាន ១០០ គ្រឿង ក្នុងមួយខែៗ ។

គួរឱ្យដឹងថា ដ្រូនចម្បាំងប្រភេទ ZT-180 ដែលផលិតដោយក្រុមហ៊ុន Bingo នេះ គឺស្រដៀងគ្នា ទៅនឹងដ្រូនប្រភេទ Shaheed-136 របស់អ៊ីរ៉ង់ ដែលរុស្ស៊ី បានយកទៅប្រើប្រាស់ ទៅវាយប្រហាររាប់មិនអស់ លើប្រទេសអ៊ុយក្រែនរួចមកហើយ។

យ៉ាងណាមិញ ជុំវិញរបាយការណ៍នេះ គឺបានកើតឡើង ចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះការបង្ហាញសម្ព័ន្ធភាពកាន់តែជិតស្និទរវាងចិនជាមួយរុស្ស៊ី អំឡុងការលុកលុយទៅលើអ៊ុយក្រែន នៅតែបន្ត ។

ជម្រាបជូនផងដែរថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃថ្មីៗនេះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងប្រទេសលោកខាងលិចផ្សេងទៀត បានធ្វើការព្រមានចំៗទៅកាន់ប្រទេសចិន កុំឱ្យមានការលក់អាវុធទៅឱ្យរុស្ស៊ី ដោយនិយាយថា ទង្វើបើបនេះ នឹងធ្វើឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ ៕