ត្រឹមខែដំបូងឆ្នាំ ២០២៣ ការនាំចេញអង្កររបស់ថៃ កើនឡើងដល់ទៅ ៧៥,២% រួចទៅហើយ

អន្តរជាតិ

បើតាមក្រសួងពាណិជ្ជកម្ម បាននិយាយថានៅថ្ងៃចន្ទ ទី ២៧ ខែកុម្ភ:នេះថា ការនាំចេញអង្កររបស់ប្រទេសថៃ សម្រាប់ខែមករា មានចំនួន ៨០៥ ៥១៩ តោន ពោលគឺកើនឡើងដល់ ៧៥,២% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែមានការបញ្ជាទិញខ្ពស់ នៅចុងឆ្នាំមុន ជាពិសេសតម្រូវការកើនឡើងពីសំណាក់ប្រទេសនៅមជ្ឈិមបូព៌ា និងតម្លៃប្រាក់បាតចុះទាប ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ronnarong Phoolpipat ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេស បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា តម្លៃនៃការនាំចេញអង្ករ​ បានកើនឡើង ៧៨,៧៦% ក្នុងចំនួន ១៤,២៨ពាន់លានបាត (៤០៦,៧លានដុល្លារ) នៅក្នុងខែមករា បើធៀបទៅនឹងឆ្នាំមុន ។

លើសពីនេះ លោក Ronnarong បាននិយាយថា​៖ ” ឱកាសធំមួយ ដែលបានធ្វើឱ្យការនាំចេញរបស់យើងកើនឡើងខ្ពស់ គឺដោយសារតែមានតម្រូវការច្រើនពីសំណាក់ប្រទេសនៅមជ្ឈិមបូព៌ា ដោយតំបន់នេះ កំពុងតែក្លាយជាទីផ្សារដ៏ធំបំផុតមួយ សម្រាប់អង្ករថៃចាប់តាំងពីឆ្នាំមុន ” ។

លោក Ronnarong បានសង្កត់ធ្ងន់ទៀតថា ក្រសួងពាណិជ្ជកម្មរបស់ថៃ កំពុងតែរក្សាគោលដៅ ក្នុងការនាំចេញអង្កររបស់ខ្លួន ឱ្យបានចំនួន ៧,៥ លានតោន នៅឆ្នាំ ២០២៣ នេះ ខណ:ពេលដែលប្រទេសថៃ នៅតែជាប្រទេសដែលនាំចេញអង្ករធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងវៀតណាម ។

រម្លឹកផងដែរថា ប្រទេសថៃ​បាននាំចេញអង្ករ ចំនួន ៧,៦៩ លានតោន ក្នុងឆ្នាំ ២០២២ កន្លងទៅ ពោលគឺបានកើនឡើង ២២,១% ធៀបទៅនឹងឆ្នាំ ២០២១ ដែលលើសពីគោលដៅចំនួន ៧,៥ លានតោន ខណ:ទីផ្សារកំពូលៗរបស់ថៃ គឺមានដូចជា អ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង ចិន និងសហរដ្ឋអាមេរិក ៕