ការនាំចេញអង្កររបស់ថៃនាខែមករា ២០២៣ នេះ មានការកើនឡើងរហុត ៧៥,២% បើធៀបនឹងឆ្នាំទៅ ពោលនាំចេញរហូតដល់ ៨០៥ ៥១៩ តោន បន្ទាប់ពីមានតម្រូវការខ្លាំងនៅតំបន់មជ្ឈិមបូព៌ា។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការនាំចេញអង្ករជាង ៨ សែនតោននោះ ប្រទេសថៃទទួលបានទឹកប្រាក់ប្រមាណ ១៤,២៨ ពាន់លានបាត ឬប្រហែល ៤០៦,៧២ លានដុល្លារអាមេរិក កើនឡើងពីឆ្នាំទៅ ៧៨,៧៦%។
គួររំលឹកដែរថា មួយរយៈកាលចុងក្រោយនេះតំបន់មជ្ឈិមបូព៌ា បានក្លាយជាទីផ្សារនាំចេញអង្ករដ៏ធំរបស់ថៃ ពោលកាលពីឆ្នាំទៅថៃនាំចេញអង្ករទៅទីនោះរហូតដល់ជាង ២ លានតោន ឬប្រមាណ ២៦% នៃការនាំចេញអង្ករសរុបរបស់ខ្លួន។
សូមជម្រាបបន្ថែមថា ប្រទេសថៃគឺជាអ្នកនាំចេញអង្ករធំបំផុតលើលោកទី ៣ បន្ទាប់ពីឥណ្ឌា និងវៀតណាម ខណៈកាលពីឆ្នាំទៅពួកគេនាំចេញអង្ករសរុប ៧,៦៩ លានតោន ច្រើនជាងការរំពឹងទុកដែលមាន ៧,៥ លានតោន ស្របពេលទីផ្សារចំបងរបស់ពួកគេគឺ អ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង ចិន និងសហរដ្ឋអាមេរិក៕