ក្រុមហ៊ុន Nestle ត្រៀមបញ្ឈប់អាជីវកម្ម និងបិទការិយាល័យកណ្តាលខ្លួន នៅមីយ៉ាន់ម៉ា

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនចំណីអាហារខ្នាតយក្ស Nestle របស់ប្រទេសស្វីស គ្រោងនឹងបិទបញ្ចប់អាជីវកម្មរបស់ខ្លួនទាំងស្រុង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែសម្រាប់ពេលវេលាជាក់លាក់ណាមួយ នៅមិនទាន់ត្រូវបានទម្លាយប្រាប់ឱ្យដឹងនៅឡើយនោះទេ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ មានន័យថា Nestle គឺជាក្រុមហ៊ុនបរទេសមួយផ្សេងទៀតហើយ ដែលគ្រោងនឹងដកខ្លួន ឈប់រកស៊ីក្នុងប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ។

មិនតែប៉ុណ្ណោះ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Nestle បាននិយាយកាលពីថ្ងៃទី ២៧ ខែកុម្ភ:កន្លងទៅថា ដោយសារតែ ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន បានធ្វើឱ្យរោងចក្ររបស់ខ្លួន នៅទីក្រុង Yangon ក៏ដូចជាការិយាល័យកណ្តាល នឹងត្រូវបញ្ឈប់ប្រតិបត្តិការទាំងស្រុង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមានការដកខ្លួនចេញបែបនេះ តំណាងក្រុមហ៊ុនមីយ៉ាន់ម៉ា នឹងនៅតែបន្តធ្វើទីផ្សារ និងចែកចាយផលិតផល Nestle ពីប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន ជំនួសវិញ ។

គួរឱ្យដឹងផងដែរថា កន្លងមកក្រុមហ៊ុន Nestle លក់ផលិតផលជាច្រើន ដូចជា កាហ្វេកញ្ចប់ Nescafe , គុយទាវ Maggi និងភេសជ្ជៈ​រសជាតិ​សូកូឡា Milo នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ហើយជុំវិញការបញ្ឈប់អាជីវកម្មនេះ ក្រុមហ៊ុន Nestle បានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយដោះស្រាយចំពោះអ្នកដែលរងផលប៉ះពាល់ ។

ជម្រាបជូនឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបរទេសមួយចំនួនរួចមកហើយ បានប្រកាសអំពីការដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដូចជាក្រុមហ៊ុនថាមពល Total Eneergies , ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Telenor ជាដើម ៕