ម៉ាឡេស៊ី ប្រកាសផែនការចំណាយរហូតដល់ទៅជាង ៨៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៣ នេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី ២៤ ខែកុម្ភ: កន្លងទៅនេះ បានបញ្ជូនសេចក្តីសម្រេចចុងក្រោយ ជុំវិញផែនការចំណាយ ដែលត្រូវបានកែសម្រួលសម្រាប់ឆ្នាំ ២០២៣ នេះ ជាមួយនឹងចំនួនប៉ាន់ប្រមាណរហូតដល់ ៣៨៨,១ពាន់លានរីងហ្គីត (៨៧,២ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ចំនួនថវិកាចំណាយថ្មី សម្រាប់ឆ្នាំ ២០២៣ នេះ ត្រូវបានកែសម្រួល ពីអ្នកកាន់តំណែងអាណត្តិមុន គឺលោក Muhyiddin Yassin ដែលបានស្នើសុំទៅកាន់សភាម៉ាឡេស៊ី នូវចំនួនទឹកប្រាក់ ៣៧២,៣ពាន់លានរីងហ្គីត កាលពីក្នុងខែតុលា ឆ្នាំ ២០២២ ពោលគឺត្រឹមតែរយ:ពេលបីថ្ងៃ មុនពេលសភាត្រូវបានរំលាយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្តោតសកល ។

យ៉ាងណាមិញ សម្រាប់ផែនការចំណាយ នៅក្រោមការដឹកនាំរបស់លោក Anwar បានបង្ហាញថា ៧៤,៨% នៃថវិកា ដែលបានកែសម្រួលនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ការចំណាយលើប្រតិបត្តិការ ហើយចំនួនដែលនៅសេសសល់ ២៥,២% នឹងត្រូវចំណាយទៅលើការអភិវឌ្ឍ ។

លើសពីនេះ ថវិកាចំណាយ សម្រាប់ឆ្នាំ ២០២៣ នេះ នឹងផ្តោតសំខាន់ទៅលើការដោះស្រាយថ្លៃដើមខ្ពស់នៃការរស់នៅ ក៏ដូចជាការពង្រឹងបន្ថែមទៅលើបណ្តាញសុវត្ថិភាពសង្គម និងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនតូច និងមធ្យម (MSME) ផងដែរ ។

រដ្ឋាភិបាល ក៏នឹងពិចារណាផងដែរ អំពីវិធីក្នុងការកាត់បន្ថយផលរំខានទីផ្សារ និងសម្រួលដំណើរការអាជីវកម្ម តាមរយ:ការអនុម័តបច្ចេកវិទ្យាកម្រិតខ្ពស់ និងឌីជីថល ការការពារជីវភាពរស់នៅរបស់ប្រជាជន លើកកម្ពស់ការយល់ដឹងអំពីសង្គម និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធចែកចាយរបស់វិស័យសាធារណ: និងឯកជន ។

ជម្រាបជូនផងដែរថា ក្រសួងចំនួន ៣ ដែលទទួលបានការបែងចែកថវិកាច្រើនជាងគេ មានដូចជា ក្រសួងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងក្រសួងអប់រំ។ ហើយសម្រាប់ថវិកា ដែលបែងចែកទៅឱ្យក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក៏ត្រូវបានបង្កើនច្រើនជាងមុនផងដែរ ដើម្បីលើកកម្ពស់សន្តិសុខជាតិ ៕