ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា Gautam Adani បានជួបប្រទះការខាតបង់ដ៏ធំសំបើម ពោលរយៈពេលតែមួយខែប៉ុណ្ណោះ ពួកគេរបូតលុយអស់រហូតដល់ ១៥៤ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី TheStreet។
ការខាតបង់មិនធ្លាប់មាននេះ គឺកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនអាមេរិក Hindenburg បញ្ចេញព័ត៌មានថា អតីតអ្នកមានដាច់គេនៅអាស៊ី ជាប់ពាក់ព័ន្ធនឹងការឆបោកទីផ្សារហ៊ុន និងលាងលុយកខ្វក់។
បន្ទាប់ពីព័ត៌មានខាងលើបានចែកចាយភ្លាមៗ តម្លៃហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ Adani Group មានការធ្លាក់ចុះជាខ្លាំង ហើយបើទោះជាមហាសេដ្ឋី Adani ចេញមុខបកស្រាយយ៉ាងណា ក៏មិនអាចស្រោចស្រង់ស្ថានការណ៍បានប្រសើរឡើយ។
ក្នុងនោះ ស្ថាបនិកក្រុមហ៊ុនក៏ទទួលការខាតបង់មិនស្ទើរផងដែរ ពោលគិតត្រឹមចុងខែកុម្ភៈនេះ Gautam Adani របូតលុយអស់ជាងពាក់កណ្ដាលពី ៨០,៦ ពាន់លានដុល្លារ មកនៅត្រឹមប្រហែល ៤០ ពាន់លានដុល្លារប៉ុណ្ណោះ ខណៈ Bloomberg Billionaires Index សង្កត់ធ្ងន់ថា ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌា អាចនឹងបន្តធ្លាក់ចុះទៀត បើសិនស្ថានការណ៍នៅតែមិនមានភាពប្រសើរវិញ៕