រដ្ឋាភិបាលថៃ អនុម័តទឹកប្រាក់ជាង ២០០លានដុល្លារ ធានាតម្លៃកៅស៊ូ ជូនប្រជាកសិករ

អន្តរជាតិ

ថ្មីៗនេះ ផែនការជំនួយទឹកប្រាក់ចំនួន ៧,៦ពាន់លានបាត (២១៥លានដុល្លារ) ត្រូវបានសម្រេចអនុម័តដោយគណ:រដ្ឋមន្ត្រីថៃ ដើម្បីផ្តល់ជូនការធានាលើតម្លៃកៅស៊ូ សម្រាប់កសិករ ១,៦ លាននាក់ ដែលបានចុះបញ្ជីជាមួយអាជ្ញាធរកៅស៊ូរបស់ប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមគណ:រដ្ឋមន្ត្រីថៃ បាននិយាយទៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការថ្មីចុងក្រោយនេះ គឺជាដំណាក់កាលទីបួនហើយ នៃផែនការ ដែលរដ្ឋាភិបាលបានសន្យាជួយធានាដល់ប្រាក់ចំណូល រវាង​កម្មករ​ចៀរ​កៅស៊ូ​ និងម្ចាស់ចម្ការ ។

យ៉ាងណាមិញ សម្រាប់ការធានាលើតម្លៃ សម្រាប់រដូវកាលឆ្នាំ ២០២២-២០២៣ នេះ នឹងត្រូវគ្របដណ្តប់ទៅលើកសិករកៅស៊ូ ចំនួន ១,៦ លាននាក់ ជាមួយនឹងផ្ទៃដីដាំកៅស៊ូចំនួន ១៨,២ លាន​រ៉ៃ​ (២ ៩១២ហិកតា) ។ នេះបើតាមការឱ្យដឹងពីគណ:កម្មាធិការកៅស៊ូថៃ ។

មិនតែប៉ុណ្ណោះ សម្រាប់កម្មវិធី ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយធនាគាររដ្ឋសម្រាប់កសិកម្ម និងសហរកណ៍កសិកម្មនេះ នឹងត្រូវផ្តល់ជូនជាសំណងត្រលប់ទៅវិញ ប្រសិនបើតម្លៃទីផ្សារកៅស៊ូ ធ្លាក់ចុះក្រោមតម្លៃគោល ដែលរដ្ឋាភិបាលដាក់ជូន ។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ ទៅកាន់ខេត្ត Nakhon Si Thammarat នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បាននិយាយថា ការដោះស្រាយ ចំពោះការធ្លាក់ថ្លៃដំណាំកសិកម្ម នៅតែជាអាទិភាពមួយ ខណៈពេលដែលរដ្ឋាភិបាល កំពុងព្យាយាមរកដំណោះស្រាយដ៏ល្អបំផុត សម្រាប់ប្រជាកសិករ ។

ជម្រាបជូនឱ្យដឹងថា ផលិតផលកៅស៊ូរបស់ប្រទេសថៃ ភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេស ពោលគឺរក្សាទុកត្រឹមតែមួយភាគបីប៉ុណ្ណោះ សម្រាប់ប្រើប្រាស់នៅក្នុងស្រុក ៕