នៅថ្ងៃពុធទី ១ ខែមីនា ឆ្នាំ ២០២៣ នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចូលរួមបើកការដ្ឋានសាងសង់រោងចក្រវារីអគ្គសនី តម្លៃប្រមាណ ២,៦ពាន់លានដុល្លារ ដែលនឹងត្រូវតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្មថ្មីមួយ នៅក្នុងខេត្ត North Kalimantan ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។
រោងចក្រថាមពលថ្មីនេះ មានឈ្មោះថា Mentarang Induk ដែលស្ថិតនៅក្រោមការសាងសង់ដោយក្រុមហ៊ុន PT Kayan Hydropower Nusantara ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនឥណ្ឌូនេស៊ី PT Adaro Energy Indonesia និង PT Kayan Patria Pratama Group និងក្រុមហ៊ុន Sarawak Energy Bhd របស់ប្រទេសម៉ាឡេស៊ី ។
រោងចក្រវារីអគ្គិសនីនេះ ត្រូវបានគេដឹងថា មានសមត្ថភាពផលិតថាមពលបាន ១,៣៧៥ ជីហ្គាវ៉ាត់ ដោយវានឹងត្រូវតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្មពិសេសមួយ ដែលជាគម្រោងរបស់ប្រធានាធិបតី លោក Widodo ក្នុងការប្រែក្លាយទីនោះ ទៅជាទីតាំង សម្រាប់ផលិតរថយន្តអគ្គសនី និងរោងចក្រអាគុយ ក៏ដូចជាសម្ភារៈបរិក្ខារអាលុយមីញ៉ូម និងគីមីឥន្ធនៈផងដែរ។
អំឡុងកម្មវិធីបើកការដ្ឋាននោះ ក្រុមហ៊ុនទទូលបន្ទុកសាងសង់ បាននិយាយថា គម្រោងវារីអគ្គសនីថ្មីនេះ រំពឹងថានឹងអាចបញ្ចប់ការសាងសង់ជាផ្លូវការ នៅក្នុងរយ:ពេល ៧ ឆ្នាំខាងមុខ ដើម្បីផ្គត់ផ្គង់ថាមពល ទៅកាន់តំបន់ឧស្សាហកម្មពិសេស ដែលបានគ្រោងទុកនោះ។
គួរឱ្យដឹងផងដែរថា ឥណ្ឌូនេស៊ី ត្រូវបានចាត់ទុកថាជាប្រទេសផលិតថាមពលពីធ្យូងថ្មដ៏ធំបំផុតមួយ ហើយបានពឹងផ្អែកលើវា ជាប្រភពថាមពលដ៏ចម្បងរបស់ខ្លួន ប៉ុន្តែនៅមួយរយ:ពេលចុងក្រោយនេះ រដ្ឋាភិបាល បានធ្វើការសន្យាថា នឹងចាប់ផ្តើមងាកចេញឆ្ងាយពីប្រភពថាមពលកខ្វក់ ដើម្បីអាចឈានដល់ការសម្រេចគោលដៅ បំភាយស្ម័នពុលមកនៅត្រឹមកម្រិតសូន្យ មុន ឆ្នាំ ២០៦០ ៕