កាលពីដើមខែកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសក្ដែងៗថា ចិនបានបង្ហោះបាឡុងចារកម្មចូលក្នុងដែនអាកាសរបស់ខ្លួន ហើយបើទោះជាចិនចេញមុខអះអាងបែបណា ក៏ពួកគេមិនព្រមទទួលយកដែរ។

រំលងបានប៉ុន្មានថ្ងៃ រដ្ឋាភិបាលអាមេរិកក៏បានបាញ់បាឡុង ៣ ទៀត ប៉ុន្តែក្រោយមកពួកគេបញ្ជាក់ថា បាឡុងទាំង ៣ នោះមិនទាក់ទងនឹងបាឡុងចារកម្ម ហើយក្នុងចំណោមនោះមានបាឡុងមួយ តម្លៃតែ ១២ ដុល្លារប៉ុណ្ណោះ ខណៈគ្រាប់មីស៊ីលដែលអាមេរិកប្រើប្រាស់ក្នុងការបាញ់ទម្លាក់ គឺមានតម្លៃរហូតដល់ជាង ៤ សែនដុល្លារ។
ជាមួយគ្នានេះ សារព័ត៌មាន CGTN បានចេញមុខថ្កោលទោសអាមេរិកថា ការបាញ់ទម្លាក់បាឡុងដែលចិនអះអាងថា បង្ហោះក្នុងគោលបំណងស្រាវជ្រាវ គឺជាការបង្វែរចំណាប់អារម្មណ៍ព័ត៌មានប៉ុណ្ណោះ ពោលមួយថ្ងៃមុនកើតហេតុ មានហេតុការណ៍ក្រឡាប់រថភ្លើងដឹកសារធាតុគីមីនៅរដ្ឋ Ohio។

ប្រភពខាងដើមអះអាងទៀតថា សារធាតុគីមីដែលខូចខាតក្នុងករណីក្រឡាប់រថភ្លើងនោះ បានធ្វើឲ្យប្រជាជនក្នុងតំបន់មានអាការៈមិនស្រួលខ្លួន ប្រឈមនឹងជំងឺផ្សេងៗ ខណៈសត្វចិញ្ចឹម និងសត្វស្រុកជាច្រើនបានស្លាប់ ដោយសាររងឥទ្ធិពលពីវា។
ដូច្នេះដើម្បីបង្វែរចំណាប់អារម្មណ៍ប្រជាជន ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបញ្ជាឲ្យបាញ់ទម្លាក់បាឡុងរបស់ចិន និងចោទថាជាបាឡុងចារកម្ម បង្កើតជាព័ត៌មានរសើបឲ្យពលរដ្ឋអាមេរិក ភ្លេចភាពចលាចលក្នុងប្រទេស ដ្បិតទំនាក់ទំនងរវាងចិន និងអាមេរិកក៏មិនសូវល្អជាជាមួយគ្នាប៉ុន្មានឡើយ។ នេះបើតាមសម្ដីអ្នកសារព័ត៌មាន Saina នៃស្ថាប័ន CGTN Digital បានលើកឡើង៕