អាមេរិកត្រៀមជជែកជាមួយសម្ព័ន្ធមិត្ត រៀបកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើចិន

អន្តរជាតិ

សហរដ្ឋអាមេរិក កំពុងត្រៀមជជែកជាមួយសម្ព័ន្ពមិត្តជិតស្និទ្ធមួយចំនួន ក្នុងការត្រៀមកញ្ចប់​ទណ្ឌកម្ម​សេដ្ឋកិច្ចទៅលើប្រទេសចិន បើសិនជាមហាអំណាចអាស៊ី ហ៊ានផ្គត់ផ្គង់សព្វាវុធ​ទៅកាន់ប្រទេសរុស្ស៊ី។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ត្រីអាមេរិក ៤ រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក Reuters ក៏បានរាយការណ៍បន្ថែមទៀតថា សំណើខាងលើនេះបច្ចុប្បន្នគឺស្ថិតនៅ​ដំណាក់កាលតំបូងនៅឡើយ ប៉ុន្តែអាមេរិកទំនងនឹងទាក់ទងទៅក្រុម G7 ដើម្បីរារាំងចិន មិនឲ្យលូកដៃក្នុងសង្គ្រាមនៅអ៊ុយក្រែនបាន។

មិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ច្បាស់ពីកញ្ចប់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែលអាមេរិក​ចង់​ដាក់​គម្រាមចិន​នៅឡើយ ស្របពេល​កិច្ចសន្ទនា​ទាំងនោះមិន​ត្រូវបាន​បង្ហើបឲ្យដឹងជាសាធារណៈ​នោះទេ។

គួររំលឹកដែរថា កន្លងមកអាមេរិកធ្លាប់ព្រមានចិនជាញឹកញយកុំឲ្យចូលដៃជាមួយរុស្ស៊ី និង​ព្យាយាម​ឲ្យមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ ដាក់ទណ្ឌកម្មលើរុស្ស៊ីថែមទៀត ប៉ុន្តែមហាអំណាច​អាស៊ី​មិនយល់ព្រម​តាមសំណើលោកខាងលិចឡើយ ដោយអះអាង​ថាពួកគេ​នឹង​ឈរនៅចំណុចអព្យាក្រឹត្យ មិនលូកដៃក្នុងបញ្ហារវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ៕