មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដាក់ចេញនូវការបញ្ជាឲ្យមានការកែលម្អលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺពង្រីកដីស្រែឲ្យកាន់តែច្រើន ដើម្បីបង្កើននូវទិន្នផលកសិកម្មបន្ថែម។
យោងតាមការចុះផ្សាយពី VOA បានបន្ថែមថា លោក គីម បានផ្តល់ការណែនាំ ដើម្បីកែលម្អប្រព័ន្ធធារាសាស្រ្ត សាងសង់ម៉ាស៊ីនកសិកម្មទំនើប និងបង្កើតដីបង្កបង្កើនផលបន្ថែមទៀត ខណៈលោកបានបញ្ចប់កិច្ចប្រជុំពេញអង្គលើកទីប្រាំពីរនៃគណៈកម្មាធិការមជ្ឈិមដ៏មានឥទ្ធិពលរបស់គណបក្សកម្មករ ដែលកំពុងកាន់អំណាច។
គួររំលឹកដែរថា មេដឹកនាំកូរ៉េខាងជើងបានកោះហៅមន្ត្រីជាន់ខ្ពស់ចូលប្រជុំជាបន្ទាន់កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាពីបញ្ហាពង្រឹងវិស័យកសិកម្មរបស់ខ្លួន បន្ទាប់ពីទទួលបានការព្រមានពីកូរ៉េខាងត្បូង ជុំវិញកង្វះស្បៀងអាហារ និងការកើនឡើងនៃអត្រាអ្នកស្លាប់ ដោយសារបញ្ហាមួយនេះ កើតមានកាន់តែច្រើននៅកូរ៉េខាងជើង។
គួររំលឹកដែរថា សេដ្ឋកិច្ចកូរ៉េខាងជើងកំពុងទទួលរងព្យុះភ្លៀងជាខ្លាំង ដ្បិតទទួលរងទណ្ឌកម្មសេដ្ឋកិច្ចជុំទិញ ដោយសារបញ្ហាគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ ស្របពេលការធ្វើពាណិជ្ជកម្មជាមួយចិន ក៏ធ្លាក់ចុះថែមទៀត។
ទន្ទឹមនឹងនោះ ទីភ្នាក់ងារអភិវឌ្ឍន៍ជនបទកូរ៉េខាងត្បូងបានសន្និដ្ឋានថា ទិន្នផលកសិកម្មកូរ៉េខាងជើងបានធ្លាក់ដល់ ៤% កាលពីឆ្នាំទៅ ដោយសារការធ្លាក់ភ្លៀងខ្លាំងនារដូវប្រាំង និងកត្តាសេដ្ឋកិច្ចមួយចំនួន៕