អត្រាអ្នកអត់ការងារធ្វើនៅប្រទេសថៃ ធ្លាក់ចុះមកត្រឹម ១,១៥% ក្នុងត្រីមាសទី ៤ ឆ្នាំមុន

អន្តរជាតិ

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងអង្គមជាតិ (NESDC) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អត្រាអ្នកគ្មានការងារធ្វើ នៅក្នុងប្រទេសថៃ សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២២ កន្លងទៅ បានធ្លាក់ចុះមកនៅត្រឹម ១,១៥% ពីកម្រិត ១,២៣% កាលពីត្រីមាសមុន ស្របពេលវិស័យទេសចរណ៍ បាននិងកំពុងស្ទុះងើបឡើងវិញ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ ទីភ្នាក់ងារផែនការរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្រិតការងារបានកើនឡើង ១,៥% គិតចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២២ ប៉ុន្តែអត្រានេះ ក៏បានធ្លាក់ចុះពីកម្រិត ២,១% គិតនៅក្នុងត្រីមាសខែកញ្ញា ដោយសារតែការងារ នៅក្នុងវិស័យសេវាកម្មនាកើនឡើង ប៉ុន្តែសម្រាប់ការរងារនៅក្នុងវិស័យកសិកម្មវិញ បានធ្លាក់ចុះ ។

មិនតែប៉ុណ្ណោះ លោក Danucha Pichayanan ប្រធាន NESDC បាននិយាយប្រាប់ទៅកាន់សន្និសីទសារព័ត៌មានថា វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ នៅតែខ្វះកម្មករគ្រប់គ្រាន់ ខណ:ពេលដែលភ្ញៀវទេសចរបរទេស កំពុងមានការកើនឡើងខ្ពស់ ហើយត្រូវបានរំពឹងទុកថាអាចឈានដល់ ២៨ លាននាក់ នៅឆ្នាំនេះ ។

លោក Danucha បានប្រាប់ឱ្យដឹងទៀតថា ទោះបីជាយ៉ាងណាក៏ដោយ វិស័យនាំចេញ បានបង្ហាញពីសញ្ញាថមថយបន្ថែមទៀត ហើយរដ្ឋាភិបាលគួរតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយគាំទ្រដល់ការនាំចេញ និងរក្សាការងារ នៅក្នុងវិស័យនេះ ។

ជម្រាបជូនឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ ២០២២ ប្រទេសថៃ មានកម្លាំងការងារចំនួន ៣៩ លាននាក់ ជាមួយនឹងអត្រាអ្នកគ្មានការងារធ្វើ ស្ថិតនៅក្នុងកម្រិត ១,៣២% ។ នេះបើតាមរបាយការណ៍ទទួលបានពីទីភ្នាក់ងារខាងលើ ៕