ការនាំចេញរបស់កូរ៉េខាងត្បូង បន្តធ្លាក់ចុះ ក្នុងរយ:ពេល ៥ ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ:ឆ្នាំនេះ

អន្តរជាតិ

យោងតាមតួលេខផ្លូវការមួយ បានបង្ហាញកាលពីថ្ងៃពុធកន្លងទៅថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានបន្តធ្លាក់ចុះក្នុងរយ:ពេល ៥ ខែជាប់ៗគ្នា គិតត្រឹមខែកុម្ភ: ឆ្នាំ ២០២៣ នេះ ដោយសារតែតម្រូវការនៅបរទេសកាន់តែចុះខ្សោយ និងការធ្លាក់ចុះនៃទីផ្សារបន្ទះឈីបជាសកលផងដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល របស់កូរ៉េខាងត្បូង បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញទៅក្រៅប្រទេស នៅក្នុងខែកុម្ភ:កន្លងទៅ បានធ្លាក់ចុះ ៧,៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដល់ចំនួនទឹកប្រាក់ ៥០,១ពាន់លានដុល្លារ ។

ចំពោះការនាំចេញគ្រឿងអេឡិចត្រូនិក ដែលជាទំនិញនាំចេញដ៏សំខាន់បំផុតរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះរហូតដល់ទៅ ៤២,៥% ក្នុងតម្លៃ ៥,៩៦ពាន់លានដុល្លារ នៅក្នុងខែកុម្ភ: ដោយសារតែតម្រូវការធ្លាក់ចុះ ហើយតម្លៃបន្ទះឈីបក៏បានធ្លាក់ចុះខ្លាំងផងដែរ ។

ដោយឡែក សម្រាប់ការនាំចេញផលិតផលគីមីឥន្ធន:វិញ បានថយចុះ ១៨,៣% មកនៅត្រឹមចំនួនទឹកប្រាក់ ៤,៦ពាន់លានដុល្លារ ហើយការនាំចេញផលិតផលដែក ក៏បានធ្លាក់ចុះ ៩,៨% មកនៅត្រឹមចំនួន ២,៩៧ពាន់លានដុល្លារ ផងដែរ ។

គួរឱ្យដឹងថា ការនាំចេញទៅកាន់ទីផ្សារកំពូល ដូចជាប្រទេសចិន បានធ្លាក់ចុះ ២៤,២% មកនៅត្រឹម ៩,៩ពាន់លានដុល្លារ ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិកវិញ បានកើនឡើង ១៦,២% និងទៅកាន់ប្រទេសឥណ្ឌា បានកើនឡើង ១១% ។

ទន្ទឹមនឹងនេះ សម្រាប់ការនាំចូលរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងខែកុម្ភ: បានកើនឡើង ៣,៦% ក្នុងចំនួនទឹកប្រាក់ ៥៥,៤ពាន់លានដុល្លារ ជាមួយនឹងការនាំចូលប្រភពថាមពល បានកើនឡើងដល់ ១៩,៧% ៕