រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto បាននិយាយនៅក្នុងពេលថ្មីៗនេះថា ជាមួយនឹងការអនុវត្តការងារប្រកបដោយភាពវិជ្ជមាន រួមជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ បានធ្វើឱ្យរដ្ឋាភិបាល មានទំនុកចិត្តខ្ពស់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនទ្វេដង នៅក្នុងឆ្នាំ ២០២៥ ខាងមុខ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Antara ។
លើសពីនេះ លោក Hartarto បានដកស្រង់របាយការណ៍ចេញពីក្រុមហ៊ុនធំៗ ដូចជា Google , Temasek និង Bain & Company ដែលបង្ហាញឱ្យឃើញថាតម្លៃនៃសេដ្ឋកិច្ចឌីជីថល ក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២២ មានចំនួនសរុបរហូតដល់ ៧៧ពាន់លានដុល្លារ ។
យ៉ាងណាមិញ លោក Hartarto ក៏បានធ្វើការព្យាករផងដែរថា សេដ្ឋកិច្ចឌីជីផលរបស់ប្រទេសខ្លួន អាចនឹងមានការកើនឡើងទ្វេដង នៅក្នុងឆ្នាំ ២០២៥ ខាងមុខ ជាមួយនឹងចំនួនប៉ាន់ស្មានដល់ ១៣០ពាន់លានដុល្លារ ។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ៖ ” ជាមួយនឹងការអនុវត្តការងារវិជ្ជមាន និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ តម្លៃនៃសេដ្ឋកិច្ចឌីជីថល អាចនឹងកើនឡើងទ្វេដង រហូតដល់ ១៣០លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ ហើយនៅឆ្នាំ ២០៣០ អាចនឹងកើនឡើងដល់ ៣៦០ពាន់លានដុល្លារ ” ។
គួរឱ្យដឹងផងដែរថា ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសដែលមានទំហំសេដ្ឋកិច្ចឌីជីថលធំបំផុតមួយ នៅក្នុងតំបន់អាស៊ាន ដោយ ៤០% នៃប្រតិបត្តិការសរុប នៅក្នុងតំបន់នេះ គឺទទួលបានពីប្រទេសឥណ្ឌូនេស៊ីផ្ទាល់តែម្តង។
ទន្ទឹមនឹងនេះ លោក Hartarto បានបន្ថែមទៀតថា ៖ ” ឥណ្ឌូនេស៊ី មានប្រជាជន ដែលរស់នៅក្នុងយុគសម័យផលិតភាព ដោយក្នុងនោះមានអាជីវកម្មចាប់ផ្តើមថ្មីៗ ចំនួន ២ ៤០០ ហើយអត្រានៃការជ្រៀតចូលទៅក្នុងប្រព័ន្ធអ៊ីនធឺណែត មានរហូតដល់ទៅ ៧៧% ឯណោះ ” ។
ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចឥណ្ឌូនេស៊ីទាំងមូល បានកើនឡើង ៥,៣១% ហើយវាត្រូវបានគេប៉ាន់ប្រមាណថា សម្រាប់ឆ្នាំ ២០២៣ នេះ ទំហំសេដ្ឋកិច្ចអាចនឹងបន្តកើនឡើង ៥,៣% ផងដែរ ។
បើតាមលោក Hartarto បានសង្កត់ធ្ងន់ផងដែរថា កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ី គឺត្រូវបានជំរុញយ៉ាងខ្លាំង ដោយសេដ្ឋកិច្ចឌីជីថល ក៏ដូចជាសេវាកម្ម ដែលមានមូលដ្ឋាននៅលើប្រព័ន្ធអ៊ីនធឺណែតផ្សេងទៀត ដូចជាការកម្ម៉ង់អាហារ និងហៅតាក់ស៊ីលើអនឡាញ ជាដើម ៕