កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃបានប្រកាសរៀបចំសេចក្ដីព្រាងច្បាប់ថ្មី សម្រាប់ស្ត្រីដែលរកស៊ីបម្រើសេវាកម្មផ្លូវភេទ និងមានអាយុលើសពី ២០ឆ្នាំ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោកស្រី Jintana Chanbamroong ប្រធាននាយកដ្ឋានកិច្ចការនារី និងអភិវឌ្ឍន៍គ្រួសារ នៃក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស។
សេចក្ដីព្រាងច្បាប់មួយនេះ អនុញ្ញាតិឲ្យស្ត្រីដែលមានអាយុលើសពី ២០ឆ្នាំ ដែលរកស៊ីផ្លូវភេទ ដោយគ្មានការបង្ខិតបង្ខំ មិនទទួលទោសទ័ណ្ឌអ្វីទាំងអស់ ហើយវាមានឈ្មោះថា សេចក្ដីព្រាងច្បាប់តំបូងនៃការការពារសេវាកម្មផ្លូវភេទ នឹងត្រូវដាក់ឲ្យប្រើជំនួសច្បាប់បង្ការ និងបង្ក្រាបអំពើពេស្យាចារ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦។
ការចេញច្បាប់ថ្មីនេះ គឺដើម្បីការពារ និងផ្ដល់ភាពស្របច្បាប់ដល់ស្ត្រីរកស៊ីផ្លូវភេទឯករាជ្យ ដែលមានអាយុលើសពី ២០ឆ្នាំ ប៉ុន្តែសម្រាប់ទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីដែលមានវ័យក្រោមនេះ គឺនៅតែជាអំពើខុសច្បាប់ដដែល ខណៈពលករក្រៅប្រទេសក៏មិនអាចធ្វើជាពេស្យាចារបានដែរ។
បន្ថែមពីនោះ ពួកគេក៏នឹងទទួលបានសិទ្ធការងារ និងអត្ថប្រយោជន៍ដូចបុគ្គលិកនានា ដោយមិនជាប់ឈ្មោះជាអ្នករកស៊ីផ្លូវភេទថែមទៀត ហើយដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើ ពួកគេតម្រូវឲ្យធ្វើតេស្តសុខភាពជាប្រចាំ ដើម្បីបញ្ជាក់ពីថាមិនមានជំងឺអ្វីទាំងអស់។
សូមជម្រាបដែរថា ថៃបានសិក្សា និងដើរតាមគន្លងប្រទេសនូវែលសេឡង់ ដែលអនុញ្ញាតិឲ្យមានការបម្រើសេវាកម្មផ្លូវភេទដោយស្របច្បាប់ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ៕