កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសចិនបានប្រកាសថា នឹងបង្កើនកញ្ចប់ទឹកប្រាក់លើកញ្ចប់ការពារជាតិរបស់ខ្លួនប្រមាណ ៧,២% រហូតដល់ ១,៥៥ ទ្រីលានយ៉ន់ ឬប្រហែល ២២៥ ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពី Tribuneindia បានបង្ហាញទៀតថា នេះគឺជាការបង្កើនទឹកប្រាក់លើកញ្ចប់ចំណាយយោធា ៨ ឆ្នាំជាប់ៗគ្នារបស់ចិន ខណៈឆ្នាំ ២០២៣ នេះទៀតសោត គឺជាការចាប់ផ្ដើមថ្មីនៃអាណត្តិទី ៣ របស់ប្រធានាធិបតី ស៊ី ជិនពីង។
កាលពីឆ្នាំទៅ ចិនបានចាយលុយលើកញ្ចប់ការពារជាតិរបស់ខ្លួនប្រមាណ ១,៤៥ ទ្រីលានយ៉ន់ ឬប្រហែល ២៣០ ពាន់លានដុល្លារ ប៉ុន្តែដោយសារអត្រាប្ដូរប្រាក់បច្ចុប្បន្នមានការប្រែប្រួល ដូច្នេះបើទោះជាចិនពង្រីកទំហំចំណាយដល់ ១,៥៥ ទ្រីលានយ៉ន់ ក៏គិតជាប្រាក់ដុល្លារ មានចំនួនតិចជាងឆ្នាំទៅ ត្រឹម ២២៥ ពាន់លានដុល្លារប៉ុណ្ណោះ។
គួររំលឹកដែរថា ចិនគឺជាប្រទេសចាយលុយច្រើនបំផុតលើកញ្ចប់យោធា បន្ទាប់ពីអាមេរិកសម្រាប់ឆ្នាំ ២០២៣ ពោលអាមេរិកត្រៀមលុយប្រហែល ៨១៦ ពាន់លានដុល្លារឯណោះ ទៅលើកញ្ចប់ការពារជាតិរបស់ពួកគេ៕