កាលពីប៉ុន្មានថ្ងៃមុននេះ នាវាហ្វីលីពីនដែលមានឈ្មោះថា MT Princess Empress ដឹកប្រេងប្រមាណ ៨ សែនលីត បានលិចចូលទៅក្នុងបាតសមុទ្រ បន្ទាប់ពីមានបញ្ហាគ្រឿងម៉ាស៊ីន បណ្ដាលឲ្យហូរប្រេងពាសពេញសមុទ្រ។

គិតមកទល់ពេលនេះ គេនៅមិនទាន់រកឃើញកប៉ាល់ដែលលិចនោះនៅឡើយ ខណៈរដ្ឋាភិបាលក៏កំពុងដុតដៃដុតជើង ព្យាយាមស្វែងរក និងបានទម្លាយថា នឹងទម្លាក់ឧបករណ៍ស្វែងរកក្រោមបាតសមុទ្រ ដើម្បីកំណត់ពីទីតាំងដែលលិចកប៉ាល់។ នេះបើតាមការចុះផ្សាយពី CNA។
បើទោះជាមិនទាន់កំណត់ទីតាំងនៃការលិចបានច្បាស់លាស់ ប៉ុន្តែមានរបាយការណ៍អះអាងថា កប៉ាល់មួយនេះគឺបានលិចរហូតដល់ជម្រៅ ៣៦៦ ម៉ែត្រទៅក្នុងបាតសមុទ្រនៃខេត្ត Oriental Mindoro។


សូមជម្រាបដែរថា ហេតុការណ៍លិចកប៉ាល់ដឹកប្រេងនេះ បានធ្វើឲ្យប្រជាជនហ្វីលីពីនមានការបារម្ភជាខ្លាំង ដ្បិតប្រេងដែលហូរចូលសមុទ្រត្រូវបានគេរកឃើញនៅលើច្រាំងសមុទ្រ និងក្នុងទឹកឆ្នេរក្បែរភូមិជាង ៦០ នៅជិតកន្លែងដែលកប៉ាល់ត្រូវបានគេគិតថាបានលិច៕