ប្រទេសជប៉ុន អាចនឹងរលាយបាត់ពីផែនដី បើសិនជាអត្រាមរណភាពនៅតែកើនឡើង ខណៈអត្រាកំណើតមានការងើបឡើងយឺត និងបង្កជាផលប៉ះពាល់ដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ច។ នេះបើតាមសម្ដីទីប្រឹក្សានាយករដ្ឋមន្ត្រី អ្នកស្រី Masako Mori បានអះអាង។

“បើសិនជាយើងនៅតែបន្តបែបនេះ ប្រទេសមួយនេះនឹងរលាយជាមិនខាន”។ លោកស្រីលើកឡើងបែបនេះ បន្ទាប់ពីជប៉ុនប្រកាសពីអត្រាកំណើតដែលមានកម្រិតទាបបំផុតមួយកាលពីថ្ងៃទី ២៨ កុម្ភៈកន្លងទៅ។
ទន្ទឹមនឹងនោះ SCMP បានរាយការណ៍បន្ថែមថា អត្រាមរណភាពនៅជប៉ុនកាលពីឆ្នាំទៅ មានច្រើនជាងអត្រាកំណើតទ្វេដង ពោលអត្រាកំណើតមានប្រមាណ ៨០០ ០០០ ខណៈអត្រាមរណភាពវិញមានរហូតដល់ ១,៥៨ លានឯណោះ។

ដោយឡែក ចំនួនប្រជាជនសរុបជប៉ុនបានធ្លាក់មកនៅត្រឹម ១២៤,៦ លាននាក់ បើធៀបនឹងកម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០០៨ មានរហូតដល់ ១២៨ លាននាក់។
លោកស្រី Mori បានសង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយជុំវិញបញ្ហានេះទេ ប្រព័ន្ធសុវត្ថិភាពសង្គមនឹងដួលរលំ កំណើនវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចក៏នឹងធ្លាក់ចុះ ហើយក៏នឹងមិនមានកម្លាំងពលកម្មគ្រប់គ្រាន់ សម្រាប់កងកម្លាំងស្វ័យការពារប្រទេសជាតិដែរ។
សូមជម្រាបដែរថា កន្លងមកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ធ្លាប់បង្ហើបជារឿយៗ អំពីការចំណាយសម្រាប់ឆ្នាំថ្មី នឹងមានការលើកកំពស់ដល់ប្រជាជនក្នុងការយកកូន ដូចជាបង្កើនប្រាក់លើកទឹកចិត្ត ប្រាក់ចំណូលសម្រាប់កុមារ និងពង្រឹងបន្ថែមលើការកែលម្អលើសេវាកម្មថែទាំកុមារ និងការផ្លាស់ប្តូររចនាបទការងារជាដើម៕