ស្រីលង្កាបង្ហើបពីដំណឹងល្អ ទាក់ទងនឹងកញ្ចប់ជំនួយ IMF ជិត ៣ពាន់លានដុល្លារ

អន្តរជាតិ

ប្រទេសស្រីលង្កាកំពុងទទួលបានដំណឹងល្អ ទាក់ទងនឹងកញ្ចប់ជំនួយពីមូលនិធិរូបិយប័ណ្ណអន្តរ​ជាតិ IMF ដែលមានតម្លៃប្រមាណ ២,៩ពាន់លានដុល្លារ ដោយសារទើបនឹងទទួលបានការធានា​ពី​ម្ចាស់បំណុលធំ​គឺប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បាន​បង្ហើបថា ប្រធានាធិបតីស្រីលង្កា Ranil Wickremesinghe នឹងបើកកិច្ចប្រជុំសភាពិសេសមួយនាថ្ងៃអង្គារ ដើម្បីពន្យល់ពីស្ថានភាពហិរញ្ញវត្ថុ​បច្ចុប្បន្ន​នៃប្រទេស និងវឌ្ឍនភាពលើការចរចាជាមួយ​ IMF។

“ស្រីលង្កាគឺកំពុងស្ថិតនៅកាន់តែកៀកនឹងទទួលបានដំណឹងល្អពី IMF។ ​កញ្ចប់ជំនួយពី IMF គឺ​ពិតជាមានសារៈសំខាន់ណាស់​ចំពោះយើង ហើយស្រីលង្កាព្យាយាម​យ៉ាងខ្លាំងក្លា​តាំងពីខែកញ្ញា​ឆ្នាំទៅ ដើម្បីអាចទទួលវាបាន”។ នេះបើតាម​សម្ដីរដ្ឋមន្ត្រីហិរញ្ញវត្ថុវ័យក្មេង Shehan Semasinghe បាន​លើកឡើង។

សូមជម្រាបដែរថា ស្រីលង្កាទទួលបានការធានាពីចិន ដោយធនាគារកំពូលមួយគឺ Export-Import Bank of China បាន​សរសេរលិខិត​គាំទ្រ​ស្រីលង្កា​ទៅកាន់ IMF ដោយផ្ទាល់ ចំពោះ​កម្មវិធី​រៀបចំ​រចនាសម្ព័ន្ធបំណុល ខណៈការធានាពីចិនគឺជាកត្តាសំខាន់បំផុត សម្រាប់ស្រីលង្កាក្នុងការទទួល​បាន​កញ្ចប់ទឹកប្រាក់ជិត ៣ពាន់លានដុល្លារ​នេះ៕