កាលពីថ្ងៃទី ០៧ មីនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន Qin Gang បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាន់អាស៊ាន គួរតែនៅឲ្យឆ្ងាយពីការប្រកួតប្រជែងរវាងប្រទេសមហាអំណាច។

យោងតាមការចុះផ្សាយពី CNA បានបន្ថែមទៀតថា លោក ឈីន ក៏បាននិយាយនៅអង្គប្រជុំប្រចាំឆ្នាំសភាចិនកាលពីពេលកន្លងទៅថា អាស៊ានមិនអាចក្លាយជាភ្នាក់ងារនៃកម្លាំងខាងក្រៅបានឡើយ។
ការលើកឡើងបែបនេះ គឺដោយសារមានសំណួរពាក់ព័ន្ធនឹងប្រទេសក្នុងតំបន់អាស៊ាន ដែលរងឥទ្ធិពល និងមានភាពលំបាកក្នុងការពឹងផ្អែកលើអាមេរិកចំពោះការការពារសុវត្ថិភាព និងពឹងលើចិនផ្នែកសេដ្ឋកិច្ច។
មន្ត្រីជាន់ខ្ពស់ចិនរូបនេះបន្ថែមទៀតថា យុទ្ធសាស្ត្រ Indo-Pacific របស់អាមេរិកគឺ មានបំណងចង់បង្កើតក្រុមផ្ដាច់មុខមួយ ដែលធ្វើឲ្យប្រទេសក្នុងតំបន់ជាច្រើនរងផលប៉ះពាល់ ជាពិសេសគឺចិន ប៉ុន្តែវានឹងមិនអាចសម្រេចទៅរួចឡើយ។
លោក ឈីន ក៏បានសង្កត់ធ្ងន់ថា មានថ្នាក់ដឹកនាំជាច្រើនសុទ្ធតែអះអាងថា អាស៊ានមិនគួរក្លាយជាភ្នាក់ងារណាមួយនៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាចឡើយ។

“សង្គ្រាមត្រជាក់ និងវិបត្តិធ្ងន់ធ្ងរដូចនៅអ៊ុយក្រែន មិនគួរឲ្យកើតមានឡើងនៅអាស៊ីឡើយ”។ នេះបើតាមសម្ដីរដ្ឋមន្ត្រីការបរទេសចិន Qin Gang បាននិយាយ៕