អត្រាអតិផរណាឡាវ នៅតែបន្តកើនឡើងដល់កម្រិតខ្ពស់បំផុត គិតត្រឹមខែកុម្ភ:កន្លងទៅ

អន្តរជាតិ

បើតាមការិយាល័យស្ថិតិឡាវ (LSB) បានបង្ហាញឱ្យដឹងថា អតិផរណា នៅក្នុងប្រទេសឡាវ បានកើនឡើងបន្ថែមទៀត ដល់កម្រិត ៤១,៣% គិតនៅក្នុងខែកុម្ភ:កន្លងទៅ ដែលជាកម្រិតខ្ពស់ជាង ៤០,៣% ដែលបានកត់ត្រាកាលពីខែមករា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានឱ្យដឹងទៀតថា បើទោះបីជាមានការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនក៏ដោយ ក៏ប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ នៅតែបន្តទទួលរងគ្រោះពីការកើនឡើងនៃអត្រាអតិផរណាដដែល ដោយវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងន់ទៅលើជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជននៅក្នុងប្រទេស ។

គួរឱ្យដឹងថា កាលពីខែមុន តម្លៃអាហារ និងភេសជ្ជ:មិនមានជាតិអាល់កុល បានកើនឡើងដល់ ៤៩,៣% ខណ:ភេសជ្ជ:មានជាតិអាល់កុល និងបារី បានកើនឡើងដល់ ២៦,៤% ។

ទន្ទឹមនឹងនេះ តម្លៃឱសថ និងសេវាថែទាំសុខភាព បានកើនឡើងដល់ ៤២,៤% ខណ:សេវាសណ្ឋាគារ និងភោជនីយដ្ឋានវិញ បានកើនឡើង ៣៦,២% ស្របពេល តម្លៃផ្ទះ ទឹក ភ្លើង និងហ្គាស់ បានកើនឡើង ២៨,៣% នៅពេលដែលតម្លៃសេវាដឹកជញ្ជូនក៏បានកើនឡើងដល់ ៤៧,៤% ផងដែរ ។

បើតាម LSB បានបង្ហាញថា ខេត្ត Khammouane របស់ខ្លួន បានរាយការណ៍អំពីការកើនឡើងអត្រាអតិផរណាខ្ពស់បំផុត ក្នុងកម្រិត ៤៩,៨២% និងបន្ទាប់មកគឺទីក្រុងវៀងចន្ទន៍ ដែលបានរាយការណ៍អំពីការកើនឡើង ៤៧,១៨ និងខេត្តហ្លួងព្រះបាង កើនឡើង ៤៥,០៩% ។

យ៉ាងណាមិញ ជុំវិញស្ថានភាពបែបនេះ LSB និងធនាគរកណ្តាលរបស់ឡាវ (BOL) បានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន ដើម្បីធ្វើការកំណត់ និងដោះស្រាយមូលហេតុនៃការកើនឡើងខ្ពស់នៃតម្លៃទំនិញ នៅក្នុងប្រទេស អំឡុងកិច្ចប្រជុំចុងក្រោយ កាលពីខែមុន ៕