កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ ធនាគារកណ្តាលឥណ្ឌូនេស៊ី (BI) និងធនាគារកណ្តាលកូរ៉េខាងត្បូង (BoK) បានឈានដល់ការព្រមព្រៀងគ្នា ក្នុងការបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេភាគី ដែលមានតម្លៃរហូតដល់ទៅ ១១៥ ទ្រីលានរូពី ឬ ១០,៧ ទ្រីលានវ៉ុន (៧,៥២ពាន់លានដុល្លារ) ដើម្បីជួយជំរុញបន្ថែមទៀត ដល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។
បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា កិច្ចព្រមព្រៀងថ្មីចុងក្រោយនេះ គឺត្រូវបានចុះហត្ថលេខាដោយអភិបាលធនាគារឥណ្ឌូនេស៊ី លោក Perry Warjiyo និងអភិបាលធនាគារកូរ៉េខាងត្បូង លោក Rhee Chang-yong ក្នុងគោលបំណងជំរុញពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាជួយគាំទ្រដល់ស្ថេរភាព និងលើកកម្ពស់រូបិយប័ណ្ណនៃប្រទេសទាំងពីរផងដែរ ។
ជម្រាបជូនទៀតផងដែរថា កិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធភាពសម្រាប់រយ:ពេល ៣ ឆ្នាំបន្ទាប់ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា រហូតដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦ ។
រម្លឹកជូនថា ធនាគារកណ្តាលរវាងប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេភាគីនេះ ជាលើកដំបូងបំផុត នៅក្នុងឆ្នាំ ២០១៤ ហើយបានបន្តកិច្ចព្រមព្រៀងនេះ ជាបន្តបន្ទាប់ នៅឆ្នាំ ២០១៧ និងនៅឆ្នាំ ២០២០ ផងដែរ ៕