ថ្មីៗនេះ បើតាមទិន្នន័យដែលទទួលបានពីក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឱ្យដឹងថា អត្រាអតិផរណារបស់ប្រទេសខ្លួន បានកើនឡើងត្រឹម ៣,៧៩% ប៉ុណ្ណោះ នៅក្នុងខែកុម្ភ: ពោលគឺជាកម្រិតទាបបំផុត ក្នុងរយ:ពេល ១៣ ខែចុងក្រោយ ដោយសារតែមានការបន្ធូរបន្ថយទៅលើតម្លៃថាមពល និងអាហារ។ នេះបើតាមការចេញផ្យាយដោយសារព័ត៌មាន CNA ។
តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយនៅថ្ងៃពុធនេះថា អតិផរណារបស់ប្រទេសថៃ រំពឹងថានឹងបន្តធ្លាក់ចុះបន្ថែមទៀត ហើយអាចនឹងវិលត្រលប់ទៅកាន់កម្រិតគោលដៅរបស់ធនាគារកណ្តាល ដែលបានព្យាករទុក ក្នុងកម្រិតពី ១% ទៅ ៣% នៅក្នុងឆ្នាំ ២០២៣ នេះ ។
លើសពីនេះ លោក Arkhom បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានទៀតថា រដ្ឋាភិបាល នឹងនៅតែបន្តជួយបន្ធូរបន្ថយផលប៉ះពាល់ទៅលើតម្លៃថាមពល ដើម្បីអាចរក្សាតម្លៃជូនដល់អ្នកប្រើប្រាស់ មិនឱ្យមានកើនឡើងខ្ពស់នោះឡើយ ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ បានបន្ថែមទៀតថា ៖ ” បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចរបស់ថៃ មិនត្រូវបានចាត់ទុកថាស្ថិតនៅក្នុងកម្រិតក្តៅនោះឡើយ ដោយសារតែវានៅតែមានការស្ទុះងើបឡើងវិញ ជាមួយនឹងការប្រើប្រាស់កើនឡើង និងវិស័យទេសចរណ៍ កំពុងស្ទុះងើបឡើងវិញ ” ។
យ៉ាងណាមិញក្រសួងពាណិជ្ជកម្មថៃ កំពុងព្យាករថា អត្រាអតិផរណា អាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងខែមីនានេះ ដោយរដ្ឋាភិបាលនឹងបន្តដាក់ចេញវិធានការបង្កើនអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធតម្លៃទំនិញ ។
រម្លឹងផងដែរថា នៅក្នុងឆ្នាំ ២០២២ កន្លងទៅ អត្រាអតិផរណារបស់ប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ២៤ ឆ្នាំចុងក្រោយ ជាមួយនឹងកម្រិត ៦,០៨% ឯណោះ៕