កាលពីថ្ងៃពុធកន្លងទៅ ប្រធានសភាតំណាងរាស្ត្រអាមេរិក Kevin McCarthy បានទាត់ចោលការអញ្ជើញពីប្រធានាធិបតី Volodymyr Zelenskyy សម្រាប់ការធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន។
“លោក McCarthy គួរតែមកដល់ទីនេះដើម្បីមើលឃើញជាក់ស្ដែងពីរបៀបធ្វើការរបស់យើង ស្ថានការណ៍ដែលកំពុងកើតមាន ផលប៉ះពាល់ដែលសង្គ្រាមបានបង្ក និងអ្នកណាខ្លះកំពុងតស៊ូជាមួយយើង”។ នេះបើតាមសម្ដីប្រធានាធិបតីអ៊ុយក្រែនបានផ្ដល់បទសម្ភាសន៍ជាមួយ CNN។
យ៉ាងណា ប្រធានសភាតំណាងរាស្ត្រអាមេរិកទាត់ចោលសំណើនេះមួយរំពេច ដោយបានបញ្ជាក់ថា៖ “ខ្ញុំនឹងនៅតែអាចទទួលព័ត៌មានពីប្រព័ន្ធនានារបស់ខ្ញុំ ដូច្នេះខ្ញុំមិនចាំបាច់ទៅដល់អ៊ុយក្រែន ឬទីក្រុងគៀវ ដើម្បីទទួលបានព័ត៌មានឡើយ”។
ការបដិសេធពីមន្ត្រីជាន់ខ្ពស់អាមេរិកទៅអ៊ុយក្រែន ប្រៀបដូចជាការបង្ហាញថា អាមេរិកចាប់ផ្ដើមដកខ្លួនពីការគាំទ្រអ៊ុយក្រែនសន្សឹមៗ បើទោះជាកន្លងមកប្រធានាធិបតី ចូ បៃឌិន អះអាងថា អាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់ក៏ដោយ។
សូមជម្រាបដែរថា មួយរយៈចុងក្រោយនេះ ប្រជាជនអាមេរិកមានការយល់ឃើញថា អាមេរិកហាក់ផ្ដល់ជំនួយច្រើនលើសលុបដល់អ៊ុយក្រែន ពោលអត្រាប្រជាជនគិតបែបនេះកើនឡើងពី ៧% ដល់ ២៦% កាលពីខែមករា៕