ចារកម្មអាមេរិក៖ ចិនព្យាយាមពង្រឹងមិត្តភាពជាមួយរុស្ស៊ី មិនខ្វល់ការព្រមានពីលោកខាងលិច

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ ចិន និងសហរដ្ឋអាមេរិកកំពុងពាក់មុខយក្សដាក់គ្នា បន្ទាប់ពី​មាន​ការ​ចោទប្រកាន់រៀងៗខ្លួន ពោលអាមេរិកចោទចិនបង្ហោះបាឡុងចារកម្មចូលដែនអាកាស​របស់ខ្លួន ខណៈចិនចោទអាមេរិកថា ព្យាយាមរារាំងកំណើនសេដ្ឋកិច្ចរបស់ពួកគេដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ បញ្ហាដែលធំជាងគេគឺ អាមេរិកព្យាយាមទប់ស្កាត់ចិនមិនឲ្យផ្គត់ផ្គង់ជំនួយដល់​សម្ព័ន្ធមិត្ត​រុស្ស៊ី ​សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែចិនមិនដែលអើពើ និងបន្តធ្វើពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​ខ្លាំង​ជាងមុនទៀត។

យោងតាមការចុះផ្សាយពី Yahoo បានបន្ថែមថា ភ្នាក់ងារចារកម្មអាមេរិកបានទម្លាយថា ចិនកំពុង​ព្យាយាមពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ី ដើម្បីប្រកួតប្រជែងជាមួយអាមេរិក​ បើទោះជាមហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុតលើលោក ព្រមានចិន​កុំឲ្យពាក់ព័ន្ធនឹង​រុស្ស៊ី​ក៏ដោយ។

“បើទោះជានឹងទទួលការរិះគន់ពីពិភពលោក ជុំវិញការលូកដៃលើការឈ្លានពានរបស់រុស្ស៊ី​លើ​អ៊ុយក្រែនបែបណា ក៏ចិននឹងនៅតែបន្តពង្រឹងចំណងមិត្តភាព ផ្នែកការពារ ​សេដ្ឋកិច្ច និងបច្ចេកវិទ្យា​ជាមួយ​រុស្ស៊ី ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកដដែល”។ នេះបើតាម​សេចក្ដីរាយការណ៍​ទម្លាយដោយចារកម្មអាមេរិក។

គួររំលឹកដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន​តែងតែនិយាយដដែលៗថា ចិន​កំពុង​ពិចារណា​ផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ដែលមានដូចជា ដ្រូន គ្រាប់កាំភ្លើង និងកាំភ្លើងធំជាដើម។

ដើម្បីទប់ស្កាត់បញ្ហាខាងលើ ក្រុមសម្ព័ន្ធមិត្តលោកខាងលិចបានត្រៀមកញ្ចប់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើចិន​ជាស្រេច ពោលបើសិនជាចិនហ៊ាន​ផ្គត់ផ្គង់អាវុធដល់រុស្ស៊ី លោកខាងលិចនឹងដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើចិនភ្លាមៗតែម្ដង។ នេះបើតាមសេចក្ដីរាយការណ៍ពី Reuters៕