កាលពីថ្ងៃទី ០៨ មីនាកន្លងទៅ ប្រធានាធិបតីចិន ស៊ី ជិនពីងបានអញ្ជើញស្ត្រីជាច្រើនរូបចូលរួម សំណេះសំណាលជាមួយគ្នា ហើយក្នុងនោះថ្នាក់ដឹកនាំប្រទេសចិនបានទម្លាយថា លោកគាំទ្រពេញទំហឹង និងជំរុញទឹកចិត្តឲ្យស្ត្រីគ្រប់គ្នាឈោងចាប់ក្ដីស្រមៃរបស់ពួកគេ។

ប្រធានាធិបតីចិនបាននិយាយថា ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍប្រទេសតាំងពីសម័យបុរាណ ហើយបច្ចុប្បន្នស្ត្រីក៏ជាផ្នែកសំខាន់មួយក្នុងការលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយពី CGTN។

គួររំលឹកដែរថា នៅក្នុងកិច្ចសំណេះសំណាលជាមួយស្ត្រីមកពីគ្រប់ក្រុមជនជាតិភាគតិចនៃប្រទេសចិន ប្រធានាធិបតីចិនបានជូនពរ និងលើកតម្កើងស្ត្រីថាបានចូលរួម និងលើកកំពស់ដល់គ្រប់ជំហាននៃការអភិវឌ្ឍន៍ប្រទេសចិនតាំងពីសម័យបុរាណ មកទល់បច្ចុប្បន្ន។
“ខ្ញុំសង្ឃឹមថា ស្ត្រីចិននឹងហ៊ានដើរតាមក្ដីស្រមៃរបស់ពួកគេ មិនខ្លាចរអាជាមួយឧបសគ្គ និងអាចចូលរួមចំណែកអភិវឌ្ឍន៍ជាតិកាន់តែខ្លាំង រួមដំណើរក្នុងការបង្កើតប្រទេសសង្គមនិយមទំនើបទាំងអស់គ្នា”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីបាននិយាយ៕