កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ត្រូវបានតុលាការប្រកាសថា នឹងទទួលបានការកាត់ទោសទាក់ទងនឹងអំពើពុករលួយនាថ្ងៃសុក្រ។ នេះបើតាមប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះបានប្រាប់ Reuters ។
លោក Muhyiddin ធ្លាប់កាន់អំណាចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីរយៈពេល ១៧ ខែ ចន្លោះឆ្នាំ ២០២០ ដល់ ២០២១ ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ហៅកាត់ MACC ឃាត់ខ្លួននាព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរ។
គួររំលឹកដែរថា ចាប់តាំងពីចាញ់ការបោះឆ្នោត លោក Muhyiddin និងគណបក្សរបស់លោកត្រូវបានស្ថិតក្រោមការស៊ើបអង្កេតទ្រង់ទ្រាយធំ តាមការបញ្ជាពីនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលក្នុងនោះរួមមាន គម្រោងរដ្ឋាភិបាលតម្លៃរាប់ពាន់លានដុល្លារដែលអនុម័តដោយលោក Muhyiddin និងកញ្ចប់ជំនួយកូវីដ ១៩ ជាដើម ដែលសន្មតថា ពួកគេមិនធ្វើតាមការបញ្ជាត្រឹមត្រូវ។
ក្នុងនោះ ថ្នាក់ដឹកនាំ ២ រូបនៃគណបក្សរបស់លោក Muhyiddin ត្រូវបានចោទប្រកាន់ពី MACC ជុំវិញករណីស៊ីសំណូក លើកញ្ចប់ស្ដារសេដ្ឋកិច្ចប្រទេសដែលអនុម័តដោយរដ្ឋាភិបាល។
យ៉ាងណា ព័ត៌មានលំអិតទាក់ទងនឹងការកាត់ទោសរបស់អតីតនាយករដ្ឋមន្ត្រីខាងលើ ត្រូវរង់ចាំការសម្រេចពីសាលក្រមនាថ្ងៃសុក្រខាងមុខសិន៕