Evergrande បរាជ័យក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលក្រៅប្រទេស

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក Evergrande បានបរាជ័យ​ក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលអន្តរជាតិ បន្ទាប់ពីមេធំក្រុមហ៊ុន Hui Ka Yan អះអាង​ថា នឹងសងប្រាក់ប្រមាណ ៣០០ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានឲ្យដឹងថា Evergrande បានជួបចរចាជាមួយ​ម្ចាស់បំណុលកាលពីចុងខែមករា ប៉ុន្តែភាគីទាំងសងខាងនៅមិនទាន់អាច​សម្រេចកិច្ចព្រមព្រៀង​នៃ​រចនាសម្ព័ន្ធសងបំណុលបាននៅឡើយ។

កន្លងមក Evergrande ធ្លាប់មានក្ដីសង្ឃឹមថា នឹងទទួលបានការគាំទ្រពីម្ចាស់បំណុលជុំវិញ​ការ​រៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន ប៉ុន្តែក្រុមម្ចាស់បំណុលបរទេសដែល Evergrande ជំពាក់​លុយប្រហែល ២០ពាន់លានដុល្លារ ចង់ទទួលបានប្រាក់របស់ពួកគេវិញលឿនបំផុត បន្ទាប់ពី​វិស័យអចលនទ្រព្យនៅចិន​រាងងើបឡើងបន្តិច។

ទាក់ទងនឹងបញ្ហាខាងលើ Evergrande ទំនងមិនអាចសម្រេចតាមឡើយ ដ្បិតក្រុមហ៊ុនចង់សង​បំណុលជា​ចំណែកភាគហ៊ុនបន្តិចម្ដងៗ រហូតដល់រយៈពេល ១២ឆ្នាំឯណោះ។

មូលហេតុដែល Evergrande ចង់សងបំណុលជាចំណែកភាគហ៊ុន ដោយសារក្រុមហ៊ុនចង់ទុក​លុយ​ដើម្បីបញ្ចប់គម្រោងដែលមិនទាន់សាងសង់រួច និងទុកលុយខ្លះដើម្បី​ដោះទាល់​បញ្ហាចាំបាច់នានា។

ដំណោះស្រាយចុងក្រោយរវាង Evergrande និងម្ចាស់បំណុលបរទេស ទំនងនឹងត្រូវអូស​បន្លាយ​យូរទៀត ហើយស្ថាបនិកក្រុមហ៊ុនអាចនឹងត្រូវដកលុយពីហោប៉ៅផ្ទាល់ខ្លួន បង់រំលោះម្ចាស់បំណុលខ្លះ។

សូមជម្រាបដែរថា បន្ទាប់ពីប្រើប្រាស់ទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១ពាន់លានដុល្លារ សងបំណុលខ្លះ បច្ចុប្បន្ន​ទ្រព្យសម្បត្តិរបស់ស្ថាបនិក Evergrande នៅសល់ប្រមាណ ៣ ពាន់លានដុល្លារ៕