នៅថ្ងៃព្រហស្បតិ៍ទី ៩ ខែមីនា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មផ្សារទំនើបធំបំផុតរបស់ប្រទេសថៃ Central Pattana (CPN) បានបង្ហាញថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ១៣៥ពាន់លានបាត (៣,៨៥ពាន់លានដុល្លារ) បន្ថែម ដោយរាប់ចាប់ពីឆ្នាំនេះ រហូតដល់ឆ្នាំ ២០២៧ ។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឱ្យដឹងទៀតថាក្រុមហ៊ុន CPN នឹងធ្វើការវិនិយោគទឹកប្រាក់ពី ២៣ពាន់លានបាត ទៅ ៣៥ពាន់លានបាត ជារៀងរាល់ឆ្នាំ ជាមួយនឹងគម្រោងសរុបប្រហែល ២០០ នៅក្នុងប្រទេសថៃ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ប្រធានក្រុមហ៊ុន CPN លោក Wallaya Chirathivat បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយថា ៖ ” ក្នុងរយ:ពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ក្រុមហ៊ុនរបស់យើង គ្រោងនឹងអភិវឌ្ឍគម្រោងចម្រុះធំៗបំផុតចំនួន ៥ ជាមួយនឹងថវិកាសរុបចំនួន ២០ពាន់លានបាត ” ។
មិនតែប៉ុណ្ណោះក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ថៃ បាននិយាយកាលពីមុនថា គម្រោងវិនិយោគរបស់ខ្លួននេះ នឹងអាចបង្កើតការងារថ្មីៗបានរហូតដល់ ១៥០ ០០០ កន្លែង នៅក្នុងប្រទេសថៃ ខណ:ខ្លួនក៏កំពុងព្យាយាមពង្រីកបណ្តាញមជ្ឈមណ្ឌលផ្សារទំនើប ពី ៣៦ ទៅ ៥០ នៅត្រឹមឆ្នាំ ២០២៦ ខាងមុខផងដែរ ។
ជម្រាបជូនផងដែរថា Central Pattana នេះ គឺជាកម្មសិទ្ធិរបស់ក្រុមគ្រួសារមហាសេដ្ឋីថៃ Chirathivat ខណ:កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនមេរបស់ខ្លួន គឺ Central Group ក៏បានទិញយកក្រុមហ៊ុនលក់រាយដ៏ប្រណិតរបស់ចក្រភពអង់គ្លេស Selfridges មកធ្វើការគ្រប់គ្រងផងដែរ ៕