អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃសុក្រថា ជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ និងលាងលុយកខ្វក់ ខណៈវាក៏ធ្វើឲ្យលោកក្លាយជាថ្នាក់ដឹកនាំទី ២ ដែលរងការចោទប្រកាន់បែបនេះ បន្ទាប់ពីចុះចេញពីតំណែង។
យោងតាមការចុះផ្សាយពី AP បានឲ្យដឹងថា បុរសវ័យ ៧៥ ឆ្នាំបានប្តឹងឧទ្ធរណ៍ចំពោះការចោទប្រកាន់ចំនួនបួន ដែលចោទលោកថាប្រើប្រាស់អំណាចដើម្បីកើបលុយ ២៣២,៥ លានរីងហ្គីត ឬប្រហែល ៥១,៤ លានដុល្លារ និង ២ ករណីទៀតចំពោះការលាងលុយច្រើនជាង ១៩៥ លានរីងហ្គីត ឬប្រមាណ ៤៣ លានដុល្លារ។
គួររំលឹកដែរថា លោក Muhyiddin ត្រូវបានក្រុមប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរ ខណៈលោកអះអាងថាការឃាត់ខ្លួននេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកម្ទេចសម្ព័ន្ធភាពប្រឆាំងរបស់លោកនៅមុនការបោះឆ្នោតរដ្ឋ។
ដោយឡែកចំពោះការចោទប្រកាន់នេះផងដែរ នាយករដ្ឋមន្ត្រី Anwar Ibrahim បានទាត់ចោល ដោយអះអាងថា នេះគឺជាការធ្វើការរបស់ក្រុមប្រឆាំងអំពើពុករលួយ មិនពាក់ព័ន្ធនឹងលោកឡើយ។
យ៉ាងណា លោក Muhyiddin នៅតែនិយាយដដែលៗថា ការឃាត់ខ្លួនលោកគឺធ្វើដើម្បីឲ្យលោកបាក់មុខមាត់ និងធ្វើឲ្យអ្នកគាំទ្ររបស់លោកអស់ជំនឿចិត្តប៉ុណ្ណោះ ដ្បិតអ្នកគាំទ្រលោកភាគច្រើនជាជនជាតិភាគតិច ដែលមានចំនួនប្រហែល ២/៣ នៃប្រជាជនម៉ាឡេស៊ីសរុប ៣៣ លាននាក់។
សូមជម្រាបដែរថា បន្ទាប់ពីប្តឹងឧទ្ធរណ៍ តុលាការសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីនេះនៅក្រៅឃុំបណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្ត ប៉ុន្តែបើសិនជាតុលាការរកឃើញលោកជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ដូចខាងដើមមែន នោះលោកអាចប្រឈមនឹងការជាប់ពន្ធនាគារ ២០ ឆ្នាំសម្រាប់អំពើពុករលួយនីមួយៗ និង ១៥ឆ្នាំចំពោះករណីលាងលុយ ក៏ដូចជាត្រូវបង់ប្រាក់ពិន័យថែមទៀត៕